ទីភ្នាក់ងារជលផលរបស់ប្រទេសជប៉ុន បានឲ្យដឹង នៅថ្ងៃសៅរ៍ (ទី២៦ ខែសីហា) នេះ ថា ត្រីដែលត្រូវបានយកមកធ្វើតេស្ត ក្នុងដែនទឹក ជុំវិញរោងចក្រនុយក្លេអ៊ែរ Fukushima ដែលត្រូវរងការបំផ្លិចបំផ្លាញនោះ មិនឃើញមានផ្ទុកកម្រិតសារធាតុវិទ្យុសកម្មទ្រីចូលអ៊ីសូតូបនោះទេ។
ការបង្ហូរត្រូវបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា) នៅពេលដែលប្រតិបត្តិករក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (Tepco) បានចាប់ផ្តើមបញ្ចេញទឹកមានសសារធាតុវិទ្យុសកម្ម ដែលត្រូវបានធ្វើព្រឹត្តិកម្មរួចហើយចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយទង្វើនេះ បានធ្វើឲ្យអ្នកនេសាទ និងអ្នកផ្សេងទៀតជាច្រើន នៅប្រទេសជប៉ុន មានការខឹងសម្បា បង្កឲ្យមានកង្វល់ដល់អ្នកប្រើប្រាស់ នៅប្រទេសជិតខាង និងជំរុញឲ្យប្រទេសចិនចេញការហាមឃាត់នូវការនាំចូលផលិតផលជលផលរបស់ជប៉ុន។
តែយ៉ាងណាក្ដី ទីភ្នាក់ងារជលផល គ្រោងនឹងប្រកាសលទ្ធផលតេស្ត ជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុន Tepco បាននិយាយ កាលពីថ្ងៃសុក្រថា ទឹកសមុទ្រនៅជិតរោងចក្រនេះមានផ្ទុកសារធាតុទ្រីចូលតិចជាង ១០បេគើរ៉ែល ក្នុងមួយលីត្រ ដែលជាចំនួននៅក្រោមកម្រិតរបស់ក្រុមហ៊ុនផ្ទាល់ គឺ ៧០០បេគើរ៉ែល និងទាបជាងកម្រិតរបស់អង្គការសុខភាពពិភពលោក ដែលមានចំនួន ១០.០០០បេគើរ៉ែល សម្រាប់ទឹកដែលយកមកបរិភោគ។
ពាក់ព័ន្ធនឹងការធ្វើតេស្តនេះ ការទំនាក់ទំនងតាមទូរស័ព្ទទៅទីភ្នាក់ងារជលផល ដើម្បីសុំការអត្ថាធិប្បាយនោះ មិនមានការឆ្លើយតបទេ៕


