យានអវកាស SpaceX Dragon ដែលមានអវកាសយានិក ៤នាក់ ជិះនៅក្នុងនោះ ត្រូវបានបាញ់បង្ហោះពីទីក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ (ទី២៦ ខែសីហា) នេះ ហើយធ្វើដំណើរឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។
យានអវកាស Crew-7 បានហោះឡើង នៅវេលាម៉ោង ៧:២៦នាទី ម៉ោងសកល ដោយមានដឹកអវកាសយានិករបស់អង្គការណាសា (NASA) អ្នកនាង Jasmin Moghbeli អវកាសយានិករបស់ ESA (ទីភ្នាក់ងារអវកាសអឺរ៉ុប) លោក Andreas Mogensen អវកាសយានិករបស់ JAXA (ទីភ្នាក់ងាររុករកអវកាសជប៉ុន) លោក Satoshi Furukawa និងតារាវិទូរបស់ Roscosmos (ទីភ្នាក់ងារអវកាសរុស្ស៊ី) លោក Konstantin Borisov។
យោងតាមអង្គការ NASA បានឲ្យដឹងថា បន្ទាប់ពីការបំបែកខ្លួន នៅក្នុងលំហ យានចម្លងដំណាក់កាលទីមួយ Falcon 9 បានចុះចតដោយជោគជ័យ នៅស្ថានីយកងកម្លាំងអវកាស Cape Canaveral។
យានបេសកកម្ម Crew-7 ត្រូវបានគេរំពឹងថា នឹងទៅដល់ស្ថានីយ ISS បន្ទាប់ពីចំណាយពេលធ្វើដំណើររយៈពេល ២២ម៉ោង ហើយយោងតាមអង្គការ NASA បានឲ្យដឹងថា ពេលទៅដល់គោលដៅ ក្រុមនាវិកទាំងនោះ នឹងធ្វើការស្រាវជ្រាវ និងពិសោធន៍វិទ្យាសាស្ត្រនៅស្ថានីយ ISS៕

