នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ សមាគមគ្រូបង្រៀនខ្មែរឥស្លាម (CAMTA) បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នាយកអប់រំ បញ្ញវន្តក្នុងវិស័យអប់រំឥស្លាម ទូទាំងរាជធានី ខេត្ត និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សរុបទាំងអស់មានចំនួន៤៥០នាក់ ដោយមានការចូលរួមក្រោមអធិបតី ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិតអូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូបង្រៀនខ្មែរឥស្លាម នៅឯមជ្ឈមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ។
ជំនួបនេះ មានគោលបំណង ដើម្បីរក្សាទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងនាយកអប់រំ បញ្ញវន្តក្នុងវិស័យអប់រំឥស្លាម ក៏ដូចជាជម្រាបជូនពីផែនការសកម្មភាពការងារ នាពេលខាងមុខ និងអបអរសាទរនៃការទទួលបាននូវនាយករដ្ឋមន្ត្រីថ្មីគឺ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧។ លើសពីនេះទៅទៀត ដើម្បីពិភាក្សា លើកពីបញ្ហាប្រឈមអំពីវិស័យអប់រំឥស្លាម និងបង្ហាញពីវឌ្ឍនភាពការងាររបស់សហគមន៍ឥស្លាម ក៏ដូចជាសមាគមគ្រូបង្រៀនខ្មែរឥស្លាមផ្ទាល់ក្នុងរយៈពេល៥ឆ្នាំ។





