អន្ដរជាតិ៖ ស្របពេលដែលក្រុមមេដឹកនាំយោធា រកមធ្យោបាយដោះស្រាយជាមួយវិធីអនុវត្តន៍តាមបទបញ្ជារបស់លោកប្រធានាធិបតីចូ បៃដិន ដកទាហានទាំងអស់ចេញពីអាហ្វហ្គានីស្ថាន មិនឲ្យហួសពីខែកញ្ញាខាងមុខនេះ មន្ទីរបញ្ចកោណ បាននិយាយយ៉ាងទទូចថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា មិនរុញរានោះទេ។
លោកចន កៀប៊ី អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា កុំដោយសារតែពួកយើងដកទាហាន និងបញ្ចប់បេសកកម្មយោធារបស់ពួកយើងនៅអាហ្វហ្គានីស្ថាន កុំមានន័យថា ពួកយើងនឹងដើរចេញពីតំបន់មួយនេះឲ្យសោះ។ លោកនិយាយថា គ្មានអ្វីអាចនៅឆ្ងាយជាងការពិតនោះទេ។
កាលពីសប្តាហ៍កន្លងទៅ លោកឧត្តមសេនីយ៍ ហ្វ្រ៊ែង ម៉ាក់ខេនហ្ស៊ី មេបញ្ជាការនៃបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយថា ការចរចាជាមួយប្រទេសជិតខាងអាហ្វហ្គានីស្ថាន សម្រាប់សិទ្ធិហោះហើរពីលើដែនអាកាសពួកគេ និងការដាក់មូលដ្ឋានទ័ព បាននឹងកំពុងបន្តឆ្ពោះទៅមុខ ប៉ុន្តែពួកយើងត្រូវការពេលវេលាបន្ថែមទៀត។
កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោកឡយ អូស្ទីន បាននិយាយជាមួយអគ្គនាយសេនាធិការកងទ័ពប៉ាគីស្ថាន លោកឧត្តមសេនីយ៍ កាម៉ាស ចាវ៉េដ បាវ៉ា ប៉ុន្តែមន្ទីរបច្ចកោណ មិនបានបញ្ជាក់ច្បាស់លាស់ពីកិច្ចការដែលមេដឹកនាំយោធាទាំង២ជជែកគ្នានោះទេ ដោយគ្រាន់តែលើកឡើងថា ពួកគេ បាននិយាយគ្នាពីការចែករំលែកអត្ថប្រយោជន៍ និងគោលដៅក្នុងតំបន់។
ក្រុមមេបញ្ជាការ បាននិយាយថា ពួកគេនឹងតាមដានការគំរាមកំហែងពីចម្ងាយ ដើម្បីធានាបានថា ក្រុមភេរវករ មិនអាចប្រើប្រាស់ប្រទេសអាហ្វហ្គានីស្ថានម្តងទៀត ជាមូលដ្ឋានបើកការវាយប្រហារមកលើសហរដ្ឋអាមេរិក ទៀតឡើយ។ ពួកគេ បានទទួលស្គាល់ថា ពួកគេមិនទាន់ទទួលបានការព្រមព្រៀងណាមួយសម្រាប់ការបោះមូលដ្ឋានទ័ព ឬការហោះហើរលើដែនអាកាស ពីប្រទេសជិតខានអាហ្វហ្គានីស្វាននោះទេ៕ អត្ថបទ៖ សារ៉ាត់