ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យមន្ទីរក្រោមឱវាទ ត្រូវផ្សព្វផ្សាយ និងលើកទឹកចិត្តដល់កសិករ សហគមន៍កសិកម្មក្នុងខេត្តគោលដៅ ឱ្យអនុវត្តការដាំដុះតាមស្តង់ដារកសិកម្មជាតិណាមួយ និងជំរុញការក្នុងចុះបញ្ជីទទួលស្គាល់ចំការ ឬកសិដ្ឋានតាមស្តង់ដារ និងទទួលការបញ្ជាក់ទទួលស្គាល់គុណភាព និងប្រើប្រាស់ QR code សម្រាប់តាមដានផលិតផល។
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងបណ្តាញសង្គម បានលើកឡើង ដើម្បីជាលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅកម្ពុជា ដែលអាចកាត់បន្ថយការចំណាយលើការវាយតម្លៃដោយស្ថាប័ន ផ្តល់វិញ្ញាបនបត្រអន្តរជាតិប្រកបដោយប្រសិទ្ធិភាព នាយកដ្ឋានជំនាញ ត្រូវបង្កើនកិច្ចសហការជាមួយគ្រប់ដៃគូពាក់ព័ន្ធ និងត្រូវបន្តចងក្រងឯកសារគោលការណ៍ លិខិតបទដ្ឋានគតិយុត្ត និងឯកសារបច្ចេកទេសចាំបាច់នានាសម្រាប់បម្រើដល់ការអនុវត្តស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា និងត្រូវស្នើដល់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយ និងការអនុវត្តស្តង់ដារកសិកម្មជាតិ ព្រមទាំងគាំទ្រការចុះបញ្ជីទទួលស្គាល់កសិដ្ឋាន ឬចម្ការ ដើម្បីអាចប្រើប្រាស់រូបសញ្ញាតាមស្តង់ដារនៃការអនុវត្តនីមួយៗលើផលិតផលក្នុងការបង្កើនទំនុកចិត្តដល់អ្នកបរិភោគថា ជាបន្លែ ផ្លែឈើមានគុណភាព និងសុវត្ថិភាព។ល។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានក្រើនរំលឹកដល់ក្រុមអ្នកផលិត និងអ្នកត្រួតពិនិត្យ ត្រូវយកចិត្តទុកដាក់ខ្ពស់ មានស្មារតីទទួលខុសត្រូវ និងមានភាពស្មោះត្រង់ជាចាំបាច់ ដើម្បីធានាបាននូវទំនុកចិត្តពីអ្នកបរិភោគ ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពក្នុងខ្សែច្រវាក់ផលិតកម្ម តាមស្តង់ដារសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
កាលពីថ្ងៃទី២៥ សីហា ឆ្នាំ២០២៣កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ស្ថានទូតញ៉ូហ្សែទ្បែន និងគម្រោងបន្លែគុណភាពកម្ពុជា បានសហការគ្នាបើកសិក្ខាសាលាស្តីពី ការគ្រប់គ្រងសុវត្ថិភាពស្បៀងអាហារនៅប្រទេសកម្ពុជាសម្រាប់ផ្លែឈើ និងបន្លែស្រស់ ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅកម្ពុជា តាមរយៈការអនុវត្តប្រព័ន្ធផលិតកម្មស្បៀងដែលធានាសុវត្ថិភាព រួមមានការអនុវត្តស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) និងកសិកម្មសរីរាង្គកម្ពុជា (CamOrg)។
តាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានបញ្ជាក់ថា ក្រោមកិច្ចសហការនេះ បានសម្រេចនូវសមិទ្ធផលចម្បងៗដូចជា ១)ការបង្កើតប្រព័ន្ធ QR Code សម្រាប់តាមដានផលិតផលការអនុវត្តកសិកម្មល្អកម្ពុជា ២)ផ្តល់វគ្គបណ្តុះបណ្តាលគ្រូបង្គោល និងកសិករស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា ៣)ជួយវិភាគសំណល់ថ្នាំកសិកម្មលើសំណាកបន្លែ និងផ្លែឈើ ៤)ឧបត្ថម្ភលើការបោះពុម្ពសៀវភៅសុវត្ថិភាពចំណីអាហារ និងសៀវភៅវិញ្ញាបនកម្ម CamGAP ៥)ផលិត និងបោះពុម្ពសៀវភៅណែនាំសម្រាប់រៀបចំចម្ការ CamGAP និង៦)រៀបចំពង្រាងគោលការវាយតម្លៃ និងចុះបញ្ចីកសិដ្ឋាន សម្រាប់ប្រព័ន្ធវិញ្ញាបនកម្មជាក្រុម៕




