អាមេរិក ៖ អ្នកនាំពាក្យម្នាក់និយាយថា សឺទែនស្តុកប្រេងនៅរោងចក្រចម្រាញ់ប្រេង Marathon ដែលបង្កឲ្យមានការជម្លៀស ខ្លួនចេញបណ្តោះអាសន្ននូវអ្នកស្រុករស់នៅតំបន់នោះកាលពីរយៈពេល ១ថ្ងៃមុន នៅតែបន្តបន្តឆាបឆេះដដែល កាលពីថ្ងៃសៅរ៍(ត្រូវនឹងថ្ងៃអាទិត្យនៅកម្ពុជា) ។
សឺទែនប្រេងចំនួន ២ដែលផ្ទុកសារធាតុចំហេះហើរ បានឆាប់ឆេះជាអគ្គិភ័យឡើងកាលពីព្រឹកថ្ងៃសុក្រ នៅរោងចក្រចម្រាញ់ប្រេងស្ថិតក្នុងទីក្រុង Garyville រដ្ឋ Louisiana សហរដ្ឋអាមេរិក ហើយបានធ្វើឲ្យសំណុំផ្សែងខ្មៅក្រាស់ឃ្មឹកហុយលើតំបន់នោះ ។
ក្រុមហ៊ុន Marathonនិយាយថា ប្រតិបត្តិការដំណើរការផលិតប្រេងមួយចំនួននៅតែបន្តបិទបណ្តោះអាសន្ន ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់អណ្តាតភ្លើង និងផ្សែង ។
ក្រុមអ្នកឆ្លើយតបអគ្គិភ័យ ២នាក់ បានរងរបួសស្រាល ហើយភ្នាក់ងារពន្លត់អគ្គិភ័យ ១០នាក់ រងឥទ្ធិពលពីកម្តៅភ្លើង ។ រោងចក្រ បាននិយាយថា ពួកគេបាននាំក្រុមភ្នាក់ងារពន្លត់អគ្គិភ័យពីរោងចក្រក្រៅរដ្ឋ ក្រុមអ្នកឆ្លើយតបក្នុងស្រុក St. John the Baptist ហើយនិងទទួលបានសម្ភារៈ និងការផ្គត់ផ្គង់ពីអង្គភាពចំនួន ១២ផ្សេងទៀត ។
រោងចក្រដែលផលិតប្រេង ៥៩៦.០០០បារ៉ែលក្នុង១ថ្ងៃនេះ គឺជារោងចក្រចម្រាញ់ប្រេងធំបំផុតទី ៣នៅសហរដ្ឋអាមេរិក ស្ថិតនៅចម្ងាយប្រហែល ៦៧គ.ម ភាគខាងលិចទីក្រុង New Orleans ហើយពួកគេផលិតប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងឥន្ធនៈយន្តហោះ កៅស៊ូក្រាល់ថ្នល់ជាតិ និងប្លាស្ទិក ។
ក្រុមហ៊ុននិយាយថា ពួកគេកំពុងវាយតម្លៃពីការវិលត្រឡប់ទៅរកប្រតិបត្តិការវិញនៅផ្នែករងផលប៉ះពាល់ ប៉ុន្តែពួកគេពុំបាននិយាយថាតើនៅពេលណានឹងអាចកើតឡើងនោះទេ ស្របពេលដែលក្រុមអ្នកស៊ើបអង្កេត នឹងចាប់ផ្តើមការស៊ើបអង្កេតរកមូលហេតុដែលបណ្តាលឲ្យកើតមានអគ្គិភ័យ ពេលដែលស្ថានភាពអំណោយផល ៕

