រ៉ូម៉ានី ៖ មនុស្សម្នាក់ បានស្លាប់ និងមនុស្ស ៣៣នាក់ផ្សេងទៀត បានរងរបួស ក្រោយហេតុការណ៍ផ្ទុះ ២លើកនៅស្ថានីយ៍ប្រេងឥន្ធនៈ ស្ថិតនៅសង្កាត់ Crevedia ជិតទីក្រុង Bucharest ប្រទេសរ៉ូម៉ានី កាលពីថ្ងៃសៅរ៍ ។
យោងតាមការអះអាងរបស់ទីភ្នាក់ងារគ្រប់គ្រងស្ថានភាពគ្រោះអាសន្ន(IGSU) បានឲ្យដឹងថា ក្រោយហេតុការណ៍ផ្ទុះលើកដំបូង អគ្គិភ័យបានឆាបឆេះដល់សឺទែនហ្គាសចំនួន ២ ហើយនិងផ្ទះមួយខ្នងនៅក្បែរនោះ បណ្តាលឲ្យមានការជម្លៀសមនុស្សចេញក្នុងចម្ងាយ ៣០០ម៉ែត្រ ហើយនិងបិទការធ្វើចរាចរណ៍តាមផ្លូវនៅទីនោះ ។
IGSUនិយាយថា រថយន្តពន្លត់អគ្គិភ័យប្រហែល ២៥គ្រឿង បានចូលរួមពន្លត់អគ្គិភ័យ ហើយយោងតាមការអះអាងរបស់ក្រសួងសុខាភិបាលរ៉ូម៉ានី បានឲ្យដឹងថា មនុស្ស ៤នាក់ ត្រូវបានបញ្ចូលអុកស៊ីហ្សែន ក្រោយរលាកភ្លើងធ្ងន់ធ្ងរ ។
អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរ៉ូម៉ានីលោក Raed Arafatដែលទទួលបន្ទុកអង្គភាពឆ្លើយតបសង្រ្គោះបន្ទាន់ និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការផ្ទុះទី ២ បានកើតឡើងនៅស្ថានីយ៍ហ្គាស LPGកាលពីល្ងាចថ្ងៃសៅរ៍ បណ្តាលឲ្យក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ២៦នាក់ រងរបួស ។
លោក Arafatបន្តថា អគ្គិភ័យនៅពុំទាន់ត្រូវបានពន្លត់នោះទេ ហើយការផ្ទុះបន្ថែមទៀត អាចនឹងកើតឡើង ពេលដែលសឺទែនទី ៣នៅកន្លែងកើតហេតុ ប្រឈមនឹងហានិភ័យ ៕

