កូរ៉េខាងត្បូង ៖កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមបាតុករ បានជួបជុំគ្នានៅក្នុងរដ្ឋធានីសេអ៊ូល របស់កូរ៉េខាងត្បូង ដើម្បីទាមទារឲ្យរដ្ឋាភិបាលរបស់របស់ពួកគេ ចាត់វិធានការបញ្ចៀសផុតពីអ្វីដែលពួកគេព្រួយបារម្ភាថាជាគ្រោះមហន្តរាយធ្ងន់ធ្ងរពីការបញ្ចេញទឹកបន្សាបនុយក្លេអ៊ែររបស់ជប៉ុន ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ។
ជប៉ុនចាប់ផ្តើមបញ្ចេញទឹកកាកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushimaស្ថិតនៅភាគខាងជើងទីក្រុងតូក្យូ ចូលទៅក្នុងមហាសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ បើទោះបីជាមានការជំទាស់ទាំងនៅក្នុងស្រុក និងក្រៅស្រុកពីសហគមន៍នេសាទ និងមនុស្សដទៃទៀត ដែលព្រួយបារម្ភលើផលប៉ះពាល់ដល់បរិស្ថាន ។
លោក Choi Kyoungsookមកពីក្រុមឃ្លាំមើលវិទ្យុសកម្មកូរ៉េខាងត្បូងដែលរៀបចំការតវ៉ានេះ និយាយថា បើទោះបីជាមានអំណះអំណាងលើការបន្សាបទឹកកាកកសំណល់ថាមានសុវត្ថិភាពចំពោះជីវិតសមុទ្រក៏ដោយ ពួកយើងមិនអាចទុកចិត្តសមត្ថភាពរបស់ពួកគេបានឡើយ ។ លោកបន្តថា ខ្ញុំប្រាកដណាស់ថា នឹងមានបញ្ហាកើតឡើងដោយចៀសពុំផុតនោះទេ ។
ទូរទស្សន៍ KBSបានរាយការណ៍ដោយលើកប្រភពពីក្រុមអ្នករៀបចំថា មនុស្សប្រហែល ៣ម៉ឺននាក់ បានចូលរួមបាតុកម្មនេះ ។
សូមបញ្ជាក់ថា ជប៉ុន និងអង្គការវិទ្យាសាស្រ្ត និយាយថា ទឹកកាកសំណល់នេះ មានសុវត្ថិភាព ហើយក្រុមហ៊ុនអគ្គិសនីក្រុងតូក្យូ ដែលគ្រប់គ្រងរោងចក្រ Fukushima បាននិយាយថា ពួកគេនឹងបញ្ឈប់ប្រតិបត្តិការភ្លាមៗ បើសិនជាបញ្ហាណាមួយត្រូវបានរកឃើញហើយនោះ ៕

