អាហ្វ្រិក៖ សហភាពអាហ្វ្រិក បាននិយាយថា កាលពីថ្ងៃចន្ទម្សិលមិញទាហានបដិវត្តន៍ បានចាប់ខ្លួនប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលអន្តកាលម៉ាលី រយៈពេលប៉ុន្មានម៉ោង ក្រោយពេលដែលរដ្ឋាភិបាលរុះរើអំណាចមួយនេះ លុបឈ្មោះសមាជិក២នាក់របស់របបយោធា ដែលបានរឹបអូសអំណាចដោយរដ្ឋប្រហារ កាលពីរយៈពេល ៩ខែមុន។
នៅក្នុងសេចក្តីថ្លែងការណ៍ចេញរួមគ្នាជាមួយប្លុកតំបន់អាហ្វ្រិកខាងលិច(ECOWAS) សហភាពអាហ្វ្រិក បានអំពាវនាវឲ្យមានការដោះលែងបន្ទាន់លោកប្រធានាធិបតី បា អ៊ិនដាវ និងលោកនាយករដ្ឋមន្ត្រី ម៉ូកតា អូអាណេ ដែលត្រូវបាននាំខ្លួនទៅកាន់ទីបញ្ជាយោធាកាទី។
សេចក្តីថ្លែងការណ៍នេះ បាននិយាយថា ពួកគេសូមធ្វើការថ្កោលទោសទាំងស្រុងចំពោះទង្វើដ៏គ្រោះថ្នាក់ដែលមិនអាចអត់ឱនឲ្យបាន ហើយពួកគេសូមអំពាវនាវឲ្យទាហាន វិលត្រឡប់ទៅកាន់បន្ទាយរបស់ខ្លួនវិញ។
ការចាប់ខ្លួននេះដែរ បានធ្វើឲ្យមានការព្រួយបារម្ភថ្មីពីវិធីបង្កើតរដ្ឋាភិបាលអន្តរកាល ដែលគ្រោងនឹងរៀបចំការបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យ នៅខែកុម្ភៈឆ្នាំក្រោយ ក្នុងប្រទេសម៉ាលី ជាកន្លែងដែលអង្គការសហប្រជាជាតិ(UN) នឹងចំណាយថវិការ ១.២ពាន់លានដុល្លារក្នុង១ឆ្នាំ លើបេសកកម្មរក្សាសន្តិភាព ។
មេដឹកនាំទាំង២ បានឡើងស្បថសច្ចាប្រណិធាន កាលពីខែកញ្ញាកន្លងទៅ ក្រោយរបបយោធា យល់ព្រមប្រគល់អំណាចឲ្យរដ្ឋាភិបាលអន្តរកាលស៊ីវិល ក្រោមសំពាធកើនឡើងពីអន្តរជាតិ ។
របបយោធា ដណ្តើមយកអំណាចកាលពីរយៈពេល១ខែមុន ក្រោយទាហានបដិវត្តន៍ ឡោមព័ទ្ធផ្ទះលោកប្រធានាធិបតី អាប្រាហ៊ីម បូបាកា គេតា និងបាញ់គ្រាប់កាំភ្លើងឡើងលើ។ ក្រោយមក លោកអាប្រាហ៊ីម បានសម្រេចចុះចេញពីអំណាច ដោយលោកមិនចង់បង្ហូរឈាមគ្នា ព្រោះតែរូបលោកបន្តនៅកាន់អំណាចនោះ៕ អត្ថបទ៖ សារ៉ាត់