អ៊ុយក្រែន ៖ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសៅរ៍ថា អាកាសយានិកបើកយន្តហោះយោធាអ៊ុយក្រែន ៣នាក់ ដែលរួមទាំងពីឡុតមានទេពកោសល្យបំផុតប៉ងប្រាថ្នាបើកយន្តហោះ F-16នោះ បានស្លាប់ ពេលដែលយន្តហោះចម្បាំងហ្វឹកហាត់ L-39 ចំនួន ២គ្រឿង បុកគ្នាលើអាកាសនៅតំបន់ភាគខាងលិចទីក្រុងគីវ កាលពីថ្ងៃសុក្រ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដែលទុកចិត្តលើការហ្វឹកហាត់រហ័សរបស់ពីឡុតឲ្យបើកយន្តហោះចម្បាំង F-16ចំនួន ៦១គ្រឿង ត្រូវបានសន្យាផ្តល់ជូនដោយសម្ព័ន្ធមិត្តលោកខាងលិចរបស់លោកនោះ និយាយនៅក្នុងសុន្ទកថាវីដេអូពេលយប់របស់លោកថា ពីឡុត ៣នាក់នោះ រួមមានទាំងពីឡុត Andriy Pilshchykovមានរហ័សនាម Juiceដែលជាមន្រ្តីអ៊ុយក្រែនដ៏មានទេពកោសល្យម្នាក់អាចជួយរដ្ឋរបស់ពួកយើងយ៉ាងអស្ចារ្យ ។
លោក Zelenskiyបានចូលរួមរំលែកទុក្ខផងដែរដល់ក្រុមគ្រួសារពីឡុត ហើយលោកបន្តថា អ៊ុយក្រែននឹងមិនអាចបំភ្លេចបានឡើយនរណាម្នាក់ដែលការពារដែនអាកាសសេរីរបស់អ៊ុយក្រែន ។
ដោយឡែក លោក Yuriy Ihnatគឺជាអ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន បានចាត់ទុកលោក Pilshchykovដែលស្ទាត់ជំនាញខាងនិយាយភាសាអង់គ្លេស និងមានអាយុ ២៩ឆ្នាំ ថាជាពីឡុតដ៏មានទេពកោសល្យបំផុត និងជាមេដឹកនាំកំណែទម្រង់ ៕


