ឈីលី ៖ ក្រុមអ្នករិះគន់ និងអ្នកគាំទ្រប្រធានាធិបតីឈីលី លោក Gabriel Boric បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍ (២៦ សីហា) នៅមុខវិមានប្រធានាធិបតី La Moneda ក្នុងទីក្រុង Santiago ប្រទេសនេះ ជុំវិញករណីពុករលួយនៅក្នុងរដ្ឋាភិបាលឈីលី។
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់រយនាក់បានដើរដង្ហែទៅកាន់វិមានរដ្ឋាភិបាល ទាមទារឲ្យលោកប្រធានាធិបតីចុះចេញពីតំណែង។ មេដឹកនាំនៃអង្គការនយោបាយប្រឆាំងរដ្ឋាភិបាល Team Patriota លោក Francisco Munoz បានអំពាវនាវឱ្យមានអន្តរការីថ្មីដើម្បីដឹកនាំការពិភាក្សា។
ទោះបីជាមានគ្នាតែរាប់សិបនាក់ក៏ដោយ ក៏ក្រុមបាតុករគាំទ្ររដ្ឋាភិបាលបានបង្ហាញពីការគាំទ្រឥតងាករេរបស់ពួកគេចំពោះលោក Boric ។
កាលពីដើមខែនេះ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម លោក Giorgio Jackson បានលាលែងពីតំណែង បន្ទាប់ពីមានការចោទប្រកាន់ថា សមាជិកនៃគណបក្សរបស់លោក មានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវ ទាក់ទងនឹងការផ្ទេរមូលនិធិសាធារណៈរាប់លានដុល្លារ៕

