ប្រេសុីល ៖ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានរិះគន់សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបច្ចុប្បន្ន ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអង់ហ្គោឡា ហើយបាននិយាយថា ការផ្លាស់ប្តូរគឺត្រូវការចាំបាច់នៅក្នុងស្ថាប័នអន្តរជាតិមួយនេះ។
កាលពីថ្ងៃសៅរ៍ (២៦ សីហា) លោក Lula បានជំរុញឲ្យមានការបន្ថែមប្រទេសជាច្រើនទៀតនៅក្នុងក្រុមប្រឹក្សានេះ ដោយនិយាយថាសមាជិកប្លុក BRICS នឹងជំរុញឱ្យមានការបន្ថែមនេះ។
ជាផ្នែកមួយនៃសកម្មភាពរបស់លោក Lula នៅក្នុងប្រទេសអង់ហ្គោឡា ប្រធានាធិបតីប្រេស៊ីលរូបនេះបានជួបជាមួយសមភាគីរបស់ខ្លួន គឺប្រធានាធិបតីអង់ហ្គោឡា លោក Joao Lourenco ហើយបានទៅទស្សនាសមាជជាតិអង់ហ្គោឡាកាលពីថ្ងៃសុក្រ (២៥ សីហា) ផងដែរ។
ប៉ុន្មានថ្ងៃមុននេះ លោក Lula បានចូលរួមកិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូង។ លោកត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសហគមន៍នៃប្រទេសនិយាយភាសាព័រទុយហ្គាល់ នៅប្រជុំកោះសៅតូមេ និងព្រីនស៊ីប (São Tomé and Principe) នៅថ្ងៃអាទិត្យ (២៧ សីហា) នេះផងដែរ៕

