អាមេរិក ៖ យោធាសហរដ្ឋអាមេរិក បាននិយាយថា ទាហានម៉ារីនអាមេរិក៣នាក់ បានស្លាប់ក្នុងអំឡុងពេលធ្វើសមយុទ្ធយោធា នៅភាគខាងជើងប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យ (២៧ សីហា)នេះ ដែលនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានហៅហេតុការណ៍ការធ្លាក់ឧទ្ធម្ភាគចក្រនេះថាជា «សោកនាដកម្ម»។
កងកម្លាំងម៉ារីន - ដាវីន (MRF-D) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបណ្តាញព័ត៌មានអូស្ត្រាលី ថា មនុស្ស៥នាក់ផ្សេងទៀតត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ដាវីន ដោយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
សេចក្តីប្រកាសនោះបាននិយាយថា ពួកគេទាំងនោះស្ថិតក្នុងចំណោមកងម៉ារីនចំនួន២៣នាក់នៅលើឧទ្ធម្ភាគចក្រប្រភេទ MV-22B Osprey អំឡុងពេលហ្វឹកហាត់ជាប្រចាំ ហើយថាមូលហេតុនៃការធ្លាក់នេះកំពុងត្រូវបានស៊ើបអង្កេត។
ស្នងការនគរបាលដែនដីភាគខាងជើង លោក Michael Murphy បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅលើប្រជុំកោះ Tiwi ដាច់ស្រយាល បន្ទាប់ពីម៉ោង៩ព្រឹក (ម៉ោងក្នុងស្រុក)។
លោកនាយករដ្ឋមន្ត្រី Albanese បាននិយាយថា បុគ្គលិកអូស្ត្រាលីមិនជាប់ពាក់ព័ន្ធក្នុងការធ្លាក់យន្តហោះ ដែលបានកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការហ្វឹកហ្វឺនហោះហើរវាយលុកឆ្នាំ២០២៣ នេះនោះទេ៕

