អុីតាលី ៖ ទីភ្នាក់ងារការពារបរិស្ថានក្នុងតំបន់ (ARPA) បាននិយាយកាលពីថ្ងៃសុក្រថា តំបន់ភាគខាងជើងនៃទីក្រុងមីឡាន របស់ប្រទេសអ៊ីតាលី បានកត់ត្រាសីតុណ្ហភាពប្រចាំថ្ងៃជាមធ្យមខ្ពស់ថ្មីមួយគឺកម្រិត៣៣អង្សាសេកាលពីថ្ងៃពុធ ខណៈរលកកម្ដៅដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែសីហានេះ បានឈានដល់កម្រិតខ្ពស់បំផុត។
នោះជាថ្ងៃក្តៅបំផុតចាប់តាំងពីស្ថានីយ៍អាកាសធាតុ Milano Brera បានចាប់ផ្តើមកំណត់ត្រាសីតុណ្ហភាពក្នុងឆ្នាំ១៧៦៣មក ដែលគិតមកទល់បច្ចុប្បន្ននេះគឺមានរយៈពេល២៦០ឆ្នាំ។ សីតុណ្ហភាពខ្ពស់បំផុតពីមុនរបស់ទីក្រុមីឡាន គឺមានកម្រិត៣២,៨អង្សាសេ ដែលត្រូវបានកត់ត្រានៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៣។
ទីភ្នាក់ងារបរិស្ថាន ARPA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្ងៃទី២៣ និងទី២៤ ខែសីហា គឺជាថ្ងៃក្តៅបំផុតនៃរដូវក្តៅនៅទូទាំងតំបន់ Lombardy ដែលនៅជុំវិញទីក្រុងមីឡាន ដោយមានទីក្រុងជាច្រើនបានចុះបញ្ជីសីតុណ្ហភាពខ្ពស់បំផុតលើសពី៤០អង្សាសេ។
ទីភ្នាក់ងារនេះបាននិយាយថា រលកកម្ដៅនេះ ជិតបញ្ចប់ហើយ ដោយអាចនឹងមានព្យុះផ្គររន្ទះ ព្រមទាំងការធ្លាក់ចុះយ៉ាងខ្លាំងនៃសីតុណ្ហភាពរហូតដល់១០អង្សាសេ ទៅ១៥អង្សាសេ នៅដើមសប្តាហ៍ក្រោយនេះផងដែរ៕

