រុស្ស៊ី៖ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យ (២៨ សីហា) ថា ការធ្វើតេស្តហ្សែន បានបញ្ជាក់ថាលោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួល Wagner បានស្ថិតក្នុងចំណោមមនុស្ស១០នាក់ ដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះកាលពីសប្តាហ៍មុននោះ។
ទីភ្នាក់ងារអាកាសចរណ៍រុស្ស៊ី ធ្លាប់បានចុះផ្សាយឈ្មោះអ្នកទាំង១០នាក់នោះ នៅលើយន្តហោះឯកជន ដែលបានធ្លាក់នៅតំបន់ Tver( ទ្វែ) ភាគពាយព្យនៃទីក្រុងមូស្គូ កាលពីថ្ងៃពុធ។ ពួកគេរួមបញ្ចូលឈ្មោះលោក Prigozhin និងលោក Dmitry Utkin ជាដៃស្តាំរបស់លោក Prigozhin ដែលបានជួយបង្កើតក្រុមទាហានស៊ីឈ្នួល Wagner ។
គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ តេឡេក្រាម ថា «ជាផ្នែកមួយនៃការស៊ើបអង្កេតការធ្លាក់យន្តហោះនៅក្នុងតំបន់ Tver ការពិនិត្យម៉ូលេគុលហ្សែនត្រូវបានបញ្ចប់។ យោងទៅតាមលទ្ធផលទាំងនោះ អត្តសញ្ញាណអ្នកស្លាប់ទាំង១០នាក់ត្រូវបានបង្ហាញឡើង។ លទ្ធផលត្រូវគ្នាទៅនឹងបញ្ជីដែលមានចែងក្នុងតារាងអ្នកធ្វើដំណើរលើយន្តហោះ ដែលបានធ្លាក់នោះ»។
មានការរំពឹងទុកមួយចំនួន ជាពិសេសនៅលើបណ្តាញសង្គមតេឡេក្រាម ដែលគាំទ្រក្រុមទាហានស៊ីឈ្នួល Wagner អំពីថាតើលោក Prigozhin ដែលត្រូវបានគេស្គាល់ថា ជាមនុស្សមានការប្រុងប្រយ័ត្នសុវត្ថិភាពផ្សេងៗខ្ពស់ក្នុងការប៉ុនប៉ងអាក្រក់ដែលអាចកើតមានលើជីវិតរបស់លោកនោះ ពិតជាបានស្ថិតនៅលើជើងហោះហើរដែលត្រូវបានធ្លាក់នោះ ឬយ៉ាងណា។ ក្រុមអាជ្ញាធរមិនទាន់និយាយពីមូលហេតុដែលគេជឿថាបណ្ដាលឱ្យយន្តហោះឯកជនរបស់លោក Prigozhin ធ្លាក់ពីលើមេឃនោះទេ៕

