ជប៉ុន៖ ក្រសួងបរិស្ថានជប៉ុនបាននិយាយកាលពីថ្ងៃអាទិត្យ (២៧សីហា) ថា ការធ្វើតេស្តទឹកសមុទ្រនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា របស់ប្រទេសជប៉ុន មិនបានរកឃើញសារធាតុវិទ្យុសកម្មណាមួយនោះទេ ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមអាជ្ញាធរបានចាប់ផ្តើមបញ្ចេញសំណល់ទឹកបានធ្វើប្រព្រឹត្តកម្មរួច ចូលទៅក្នុងសមុទ្រ ដែលទឹកនោះប្រើសម្រាប់ធ្វើឲ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រដែលបានខូច។
ប្រទេសជប៉ុន និងបណ្ដាអង្គការវិទ្យាសាស្ត្របាននិយាយថា សំណល់ទឹកគឺមានសុវត្ថិភាពបន្ទាប់ពីត្រូវបានសម្លាប់មេរោគ ដើម្បីយកធាតុវិទ្យុសកម្មភាគច្រើនចេញ លើកលែងតែសារធាតុទ្រីចូល (tritium) ដែលជាអ៊ីសូតូបវិទ្យុសកម្មនៃអ៊ីដ្រូសែនប៉ុណ្ណោះ ព្រោះសារធាតុនោះពិបាកក្នុងការបំបែកចេញពីទឹក។
ក្រសួងបាននិយាយថា ការធ្វើតេស្តសំណាករបស់ក្រសួងពីចំណុចចំនួន១១ទីតាំងនៅជិតរោងចក្រ បានបង្ហាញពីកំហាប់នៃសារធាតុទ្រីចូល ស្ថិតនៅក្រោមដែនកំណត់ទាបនៃការរកឃើញ ដោយក្រសួងបាននិយាយថាវានឹងមិនមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពមនុស្សនិងបរិស្ថាននោះទេ។
ការបង្ហូរសំណល់ទឹកសំណល់វិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា របស់ប្រទេសជប៉ុន ធ្វើឡើងស្របពេលមានការរិះគន់ទាំងក្នុង និងក្រៅប្រទេស ជាមួយនឹងបម្រាមនាំចេញអាហារសមុទ្រ ព្រមទាំងការបៀតបៀនតាមទូរសព្ទមួយចំនួនពីជនជាតិចិនទៀតផងដែរ។ បន្ថែមពីលើនោះ ក្រុមបាតុករជប៉ុនរាប់សិបនាក់ សកម្មជនកូរ៉េខាងត្បូង និងប្រជាជនហុងកុង បានប្រមូលផ្តុំគ្នាតវ៉ាចំពោះការបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះផងដែរ៕

