ស៊ីរី៖ ក្រុមបាតុករបានស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាលនៅទីក្រុង Sweida ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ (២៧ សីហា) ខណៈដែលការតវ៉ាដោយសន្តិវិធីទាមទារឱ្យបញ្ចប់ការគ្រប់គ្រងដោយផ្តាច់ការ បានឈានចូលដល់សប្តាហ៍ទីពីរ។
មានបុរសនិងស្ត្រីជាច្រើនបានស្ថិតនៅទីលានចតុរង្គសំខាន់មួយ ដែលអំពាវនាវឲ្យមានការទម្លាក់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad។
ក្រុមសកម្មជនពលរដ្ឋ និងសាក្សីជាច្រើនបាននិយាយថា អ្នកតវ៉ារាប់រយនាក់បានដើរតាមផ្លូវក្នុងថ្ងៃទីប្រាំពីរ ដោយបានបិទទីស្នាក់ការកណ្តាលរបស់គណបក្ស Baath ដែលជាបក្សកំពុងកាន់អំណាចនៅក្នុងទីក្រុង Druze ភាគនិរតីប្រទេសស៊ីរី។
ក្រុមអាជ្ញាធរបានរក្សាភាពស្ងៀមស្ងាត់ចំពោះការតវ៉ាដែលកាន់តែធំនេះ ប៉ុន្តែបានណែនាំកងសន្តិសុខឱ្យនៅឆ្ងាយពីការតវ៉ានោះ ហើយថែមទាំងបានដកកន្លែងត្រួតពិនិត្យមួយចំនួន ដើម្បីបញ្ចៀសការប៉ះទង្គិចដែលមិនអាចគ្រប់គ្រងបានផងដែរ៕

