ភ្នំពេញ៖ ក្រោយបង្កើតរាជរដ្ឋាភិបាលរួចរាល់ជាផ្លូវការនិងបញ្ចប់កិច្ចប្រជុំកណៈរដ្ឋមន្រ្ដីដំបូង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣នេះ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្ដ និងកម្មវិធីនយោបាយគន្លឹះក្នុងការដឹកនាំប្រទេសជាតិ នៅព្រឹកថ្ងៃទី ២៩ខែសីហា ឆ្នាំ២០២៣ស្អែកនេះ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មីនៃព្រះរាជាណាចក្រកម្ពុជានឹងចាប់ផ្ដើមចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត ២ម៉ឺននាក់ មកពីបណ្ដារោងចក្រនានា ស្ថិតក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ឯកឧត្ដម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្ដី បានថ្លែងប្រាប់ទូរទស្សន៍ BTV ថា សម្រាប់កម្មវិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនេះ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក នឹងអញ្ជើញសំណេះសំណាលជាមួយកម្មករកម្មការិនី ១៨០០០នាក់ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ ក្បែរវត្តព្រៃស្ពឺ រាជធានីភ្នំពេញ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជាអាណត្តិចាស់ ធ្លាប់បានចេញសារសំឡេងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ បញ្ជាក់ថា នាយករដ្ឋមន្រ្ដីថ្មី អាណត្តិទី៧ នឹងបន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតតាមការសន្យារបស់របស់សម្ដេច កាលពីមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី៧។
ខណៈការចុះជួបជាមួយបងប្អូនកម្មករនិយោជិតនេះ គឺដើម្បីស្វែងយល់ពីកិច្ចការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីគាំពារកម្មករនិយោជិតថា តើសម្រេចបានដល់កម្រិតណាខ្លះហើយ។
សូមជម្រាបថា គោលនយោបាយគាំពារកម្មករ កម្មការិនី រួមទាំងកម្រិតប្រាក់បៀវត្សរ៍ គឺជាការគិតគូរយ៉ាងដិតដល់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយក៏មិនមែនជារឿងចៃដន្យនោះដែរ។
កាលពីឆ្នាំ២០២១-២០២៣ ក្នុងពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាជួបនូវវិបត្តិកូវីដ-១៩ ធ្ងន់ធ្ងរនោះ រាជរដ្ឋាភិបាលកម្ពុជា មិនបានដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធឡើយដោយសាររដ្ឋត្រូវយកចំណែកទាំងនោះទៅទប់ទល់នឹងហានិភ័យសង្គមបណ្តាលមកពីកូវីដ-១៩ តែរដ្ឋាភិបាលបានប្រឹងប្រែងមិនឱ្យឡើងថ្លៃនូវមុខទំនិញនានា និងសេវាចាំបាច់របស់ប្រជាពលរដ្ឋដូចជា បញ្ហាទឹក និងភ្លើងជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា