ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទីមួយ សម្រាប់ដំណាក់កាលបន្ទាប់នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទីមួយនេះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសសន៍ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយយុទ្ធសាស្ដ្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា និងសម្រួចអាទិភាពនៃកំណែទម្រង់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ សម្រាប់កំណែទម្រង់រដ្ឋាភិបាលថ្មីអាណត្តិទី៧ កាលពីថ្ងៃទី នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ថា ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តកំណែទម្រង់វិស័យអប់រំ ដែលផ្ដោតលើ ការពង្រឹងគុណភាពអប់រំនៅគ្រប់កម្រិតសិក្សា, ការបង្កើនការចូលរៀនមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការអប់រំឌីជីថល, ការជំរុញការពង្រឹងការបណ្ដុះបណ្ដាលជំនាញសម្រាប់យុវជន, និងការពង្រឹងការអប់រំកាយ និងកីឡា និងភាពជាពលរដ្ឋល្អ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធត្រូវប្រឹងប្រែងរួមគ្នាជាបន្តទៀត ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ពិសេសនៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនីតិកាលទី៧ ដើម្បីចូលរួមផលិតមូលធនមនុស្សប្រកបដោយគុណភាព គាំទ្រដល់ភាពរីកចម្រើននៃសង្គម និងសេដ្ឋកិច្ចកម្ពុជា។
សូមជម្រាបថា ក្នុងរយៈពេល១០ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៤-២០១៨ និង២០១៩-២០២៣ ក្រសួងអប់រំ និងអ្នកពាក់ព័ន្ធបានរួមគ្នាសម្រេចកិច្ចការធំៗគួរឲ្យកត់សម្គាល់ដូចជាការបង្កើតការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សា។ ជាពិសេសការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ តាមរយៈការបង្កលក្ខណៈសម្បត្តិអនុគ្រោះឲ្យកូនចៅប្រជាជនដែលជួបការលំបាកមានលទ្ធភាព ចូលរួមបន្តការពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានសិក្សា ដោះស្រាយការខាតបង់ការសិក្សាក្នុងបរិបទកូវីដ-១៩ ការបង្កើនអាហារូបករណ៍សម្រាប់សិស្ស និងនិស្សិតមកពីគ្រួសារកក្រីក្រ។
ក្រសួងអប់រំ បានសម្រួចវិធានការលើកកម្ពស់គុណភាព និងភាពឆ្លើយតបរបស់សេវាអប់រំតាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន និងលើកទឹកចិត្តព្រមទាំងបង្កើនស្វយភាព គណនីយភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំគ្រប់លំដាប់ថ្នាក់ផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា