អាមេរិក៖ អវកាសយានិកមកដល់ថ្មី បានធ្វើការសង្កត់ធ្ងន់ពីតម្រូវការរួបរួមគ្នា ហើយនិងកិច្ចសហប្រតិបត្តិការ ពេលដែលពួកគេត្រូវបានស្វាគមន៍ដោយសមាជិកបច្ចុប្បន្ននៅស្ថានីយ៍អវកាសអន្តរជាតិ(ISS) កាលពីថ្ងៃអាទិត្យ ។
អង្គការ NASAនិយាយថា សមាជិកអវកាសយានិកថ្មីចំនួន ៤នាក់ ដែលមកពីប្រទេសចំនួន ៤ផ្សេងៗគ្នា នឹងធ្វើពិសោធន៍វិទ្យាសាស្រ្ត ដូចជាអការៈសរីរវិទ្យានៃការគេងរបស់អវកាសយានិក និងការប្រមូលសំណាកអតិសុខុមប្រាណពីផ្នែកខាងក្នុងរបស់ស្ថានីយ៍អវកាស ISS ។
ក្រុមអវកាសយានិកថ្មី អ្នកស្រី Jasmin Moghbeliគឺជាអវកាសយានិករបស់អង្គការ NASA លោក Andreas Mogensen គឺជាអវកាសយានិកមកពីទីភ្នាក់ងារអវកាសអឺរ៉ុប ESA លោក Satoshi Furukawa គឺជាអវកាសយានិករបស់ទីភ្នាក់ងាររុករុកទីអវកាសជប៉ុន JAXA និងលោក Konstantin Borisov គឺជាអវកាសយានិកមកពីទីភ្នាក់ងារអវកាសសហព័ន្ធរុស្ស៊ី Roscosmosនឹងចូលរួមជាមួយក្រុមអវកាសយានិក ៧នាក់ ដែលបច្ចុប្បន្ននៅក្នុងស្ថានីយ៍អវកាស ISS ។
គួរឲ្យដឹងថា យានចម្លង Falcon 9របស់ក្រុមហ៊ុន SpaceXបានដាក់យានចម្លង Dragon និងក្រុមអវកាសយានិក ចូលទៅកាន់គន្លងតារាវិថី ក្រោយបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedyរបស់អង្គការ NASA នៅរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ៣ និង ២៧នាទីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍មុន ៕


