យ៉េមែន៖ មនុស្សយ៉ាងហោចណាស់២៣នាក់ បានស្លាប់ក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា រវាងទាហានរដ្ឋាភិបាលយ៉េមែន និងក្រុមហួទី ក្នុងខេត្តឡាច (Lahj)ភាគខាងត្បូង កាលពីថ្ងៃអាទិត្យ ខណៈរដ្ឋាភិបាលយ៉េមែនរិះគន់ក្រុមកងជីវពលចំពោះការទាត់ចោលកិច្ចខិតខំប្រឹងប្រែងសន្តិភាពដើម្បីបញ្ចប់សង្រ្គាម ។
ក្រុម ហួទី (Houthis) បានបើកការវាយប្រហារលើកងទ័ពរដ្ឋាភិបាលនៅក្នុងតំបន់យ៉ាហ្វេ (Yafae )នៃទីក្រុង ឡាច (Lah) ដោយបានបង្កឱ្យមានការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ ដែលបានសម្លាប់ក្រុម ហួទី១៥ នាក់ ទាហានគាំទ្ររដ្ឋាភិបាល៨នាក់ និងយ៉ាងហោចណាស់១០នាក់ទៀតរងរបួស។
លោកមហាម៉េដ អាល់ ណាគីប ( Mohammed Al-Naqeeb )អ្នកនាំពាក្យកងកម្លាំងភាគខាងត្បូងគាំទ្រឯករាជ្យដែលគ្រប់គ្រង តំបន់យ៉ាហ្វេ បានហៅការវាយប្រហាររបស់ក្រុមហួទី លើតំបន់នេះ ថាជាការវាយប្រហារ ដ៏ធបំផុត និងបង្ហូរឈាមបំផុត របស់កងជីវពលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបន្ថែមថាកងកម្លាំងរបស់ពួកគេអាចវាយលុកក្រុម ហួទី ដោយបង្ខំពួកគេឲ្យដកថយ ក្រោយរងរបួសធ្ងន់។
លោក Al-Naqeeb បានប្រាប់សារព័ត៌មានArab News ថា ការវាយប្រហាររបស់កងជីវពល ហួទី លើ តំបន់Yafae គឺជាការឆ្លើយតបទៅនឹងសម្បទានទាំងអស់ដែលផ្តល់ដោយរដ្ឋាភិបាលស្របច្បាប់ និងគំនិតផ្តួចផ្តើមសន្តិភាព។
ចាប់តាំងពីដើមឆ្នាំមុន នៅពេលបទឈប់បាញ់ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិចូលជាធរមាន អរិភាពបានថយចុះយ៉ាងខ្លាំង ជាចម្បងនៅខាងក្រៅទីក្រុងម៉ារីប (Marib) ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលយ៉េមែនបាននិយាយថា ក្រុមហួទីបានបន្តការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើសង្កាត់លំនៅដ្ឋាន និងគោលដៅយោធានៅ ទីក្រុង ឡាច ទីក្រុង ម៉ារីប និង ទីក្រុងតៃស៍(Taiz)៕

