
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅស្រុកកំពង់ត្រាច ខេត្តកំពត បានពុលស្រាសដែលផ្ទុកទៅដោយជាតិមេតាណុលខ្ពស់ ដែលបណ្ដាលឱ្យអ្នកភូមិ ១០នាក់ស្លាប់ និងច្រើននាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបានបញ្ជាក់បែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនចេញនៅល្ងាចនេះ បន្ទាប់ពីអ្នកភូមិជាច្រើននាក់នៅស្រុកកំពង់ត្រាច បានស្លាប់។
ក្រសួងសុខាភិបាលអះអាងថា លទ្ធផលនៃការពិសោធន៍សំណាកស្រាដែលត្រូវបានយកពីតាមតូបលក់នានានៅភូមិ២ស្ថិតក្នុងស្រុកកំពង់ត្រាច បង្ហាញថា ស្រាសទាំងនោះមានកំហាប់ជាតិមេតាណុលរហូតដល់ទៅ ១១.៩ភាគរយ។
ក្រសួងបញ្ជាក់ថា កម្រិតមេតាណុលនៅក្នុងស្រាសដែលមិនពុល គឺមិនត្រូវលើសពីកម្រិត ០.១ភាគរយឡើយ។
ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកភូមិ ១០នាក់ បានស្លាប់ជាបន្តបន្ទាប់ ហើយអ្នកភូមិ ៥៦នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅតាមមន្ទីរពេទ្យនៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែឧសភា ដោយសារតែពួកគេបានទទួលទានស្រាមានកម្រិតជាតិពុលខ្ពស់៕