ម៉ិកស៊ិក៖ ព្យុះត្រូពិក Idalia ដែលបានវិវត្តន៍ខ្លួននៅក្នុងសមុទ្រការ៉ាអ៊ីបកាលពីថ្ងៃអាទិត្យ ទំនងក្លាយជាការគំរាមកំហែងដល់រដ្ឋ Florida សហរដ្ឋអាមេរិក ពេលដែលវាពង្រឹងកម្លាំងក្លាយជាព្យុះសង្ឃរា នៅឈូងសមុទ្រម៉ិកស៊ិកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក(NHC) បាននិយាយកាលពីថ្ងៃអាទិត្យថា ព្យុះមួយនេះ បានបោកបក់ក្នុងល្បឿនខ្យល់បក់ ៦៥គ.មក្នុង១ម៉ោង ហើយនិងអាចឈានដល់កម្លាំងព្យុះកម្រិតទី ១ ជាមួយនឹងកម្លាំងខ្យល់បក់ ១៤៥គ.មក្នុង១ម៉ោង ពេលដែលគេព្យាករណ៍ថា វានឹងបោកបក់ដល់ដីគោកនៅតាមតំបន់ឆ្នេរភាគពាយ័ព្យរដ្ឋ Florida នាថ្ងៃពុធខាងមុខនេះ ។
លោក Jamie Rhomeគឺជាអនុប្រធាន NHC និយាយថា តំបន់ជាច្រើនរបស់រដ្ឋ Florida ងាយនឹងរងគ្រោះជាពិសេសដោយសារការជន់លិច បង្កឡើងពីការកញ្ជ្រោលឡើងរបស់ព្យុះ ។
បច្ចុប្បន្នព្យុះត្រូពិក Idalia ស្ថិតនៅជិតព្រែកជីក Yucatanនៅចម្ងាយប្រហែល ១៣០គ.មភាគឦសានកោះ Cozumelប្រទេសម៉ិកស៊ិក ៕

