ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក Zhai Yulong អគ្គនាយករង នៃនាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការបក្សខេត្តយូណាន CPC និងជាអគ្គនាយករដ្ឋបាលភាពយន្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយនិងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើវិស័យវប្បធម៌។
ឆ្លៀតក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន លោក Zhai Yulong បានជម្រាបជូនលោកជំទាវរដ្ឋមន្រី្តថា លោកបានដឹកនាំគណៈប្រតិភូ និងក្រុមសិល្បៈខេត្តយូណាន មកបំពេញទស្សនកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំព្រឹតិ្តការណ៍ជាច្រើន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។
នាពេលខាងមុខនេះ លោកសង្ឃឹមថា លោកជំទាវរដ្ឋមន្រី្ត និងគណៈប្រតិភូកម្ពុជា និងអញ្ជើញទៅបំពេញទស្សនកិច្ចក្នុងខេត្តយូណាន ដែលល្បីល្បាញខាងប្រពៃណី និងក្រុមប្រជាជាតិដែលមានវប្បធម៌សំបូរបែប។ លោក ក៏មានគោលបំណងរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតចិន-កម្ពុជា លើកនេះ ដើម្បីពន្លឿន និងជំរុញកិច្ចសហប្រតិបតិ្តការរវាងខេត្តយូណាន ហើយនិងប្រទេសកម្ពុជា ឲ្យកាន់តែស៊ីជម្រៅ។
ជាការឆ្លើយតបលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា សូមអរគុណចំពោះការរៀបរាប់របស់លោក Zhai Yulong ហើយក៏ជាលទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបតិ្តការ និងមិត្តភាព កម្ពុជា ដែលមានរយៈពេល៦៥ឆ្នាំមកហើយ បើនិយាយទៅមានអាយុកាលចាស់ និងមានភាពរឹងម៉ាំ។ ហើយកម្ពុជា-ចិន មានទំនាក់ទំនងផ្នែកប្រវតិ្តសាស្រ្តរាប់ពាន់ឆ្នាំ ជាក់ស្តែងក្នុងប្រវតិ្តសាស្រ្ត បានបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួត តាំងពីសម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរមកម្លេះ អាចនិយាយបានថាជាបងប្អូនទៅហើយ។ដូច្នេះគឺជាមិត្តភាពដែកថែប។
ចុងក្រោយលោកជំទាវ រដ្ឋមន្រី្ត បានបញ្ជាក់ថា តាមរយៈការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅធ្វើជានាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានសំណូមពរភាគីចិន យើងនិងរក្សាទំនាក់ទំនងដ៏ល្អនេះ ដែលជាដានដ៏ល្អប្រសើរពីថ្នាក់ដឹកនាំជំនាន់មុន រហូតដល់អ្នកបន្តវេនជំនាន់ក្រោយទៀតផងដែរ៕អត្ថបទ រដ្ឋា





