អ៊ីតាលី៖ ប្រមុខនគរបាលរដ្ឋនៃខេត្ត Agrigento លោក Emanuele Ricifari បានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃអាទិត្យ (២៧ សីហា)ថា យ៉ាងហោចណាស់ជនអន្តោប្រវេសន៍ប្រមាណ៤.២០០នាក់ បានទៅដល់ដល់ទីក្រុង Lampedusa ប្រទេសអ៊ីតាលី កាលពីចុងសប្តាហ៍ ដែលជាចំនួនច្រើនបំផុតក្នុងកំណត់ត្រានៃការមកដល់របស់ជនអន្តោប្រវេសន៍។
ទិន្នន័យរបស់ក្រសួងមហាផ្ទៃបង្ហាញថា ប្រទេសអ៊ីតាលី ដែលជាផ្លូវដ៏សំខាន់មួយទៅកាន់ទ្វីបអឺរ៉ុបសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន និងជនអន្តោប្រវេសន៍រាប់រយរាប់ពាន់នាក់ផ្សេងទៀត បានមើលឃើញការមកដល់នៃជនអន្តោប្រវេសន៍ចំនួន១០៧.៥៣០នាក់ តាមសមុទ្ររហូតមកទល់ពេលនេះ ដោយកើនឡើងប្រហែល៤៥.០០០នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក Ricifari បាននិយាយថា ការមកដល់ចុងក្រោយបំផុតនៃជនអន្តោប្រវេសន៍ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើកោះ Lampedusa និងក្រុមអាជ្ញាធរ ប៉ុន្តែពួកគេកំពុងដោះស្រាយបញ្ហានេះហើយ។
ទីភ្នាក់ងារព័ត៌មាន Ansa របស់ប្រទេសអ៊ីតាលីបាននិយាយថា ក្រុមអាជ្ញាធរកំពុងខិតខំប្រឹងប្រែងដើម្បីពន្លឿនការផ្ទេរអ្នកមកដល់ថ្មីពីកោះនេះទៅកាន់តំបន់ Porto Empedocle នៅលើដីគោកនៃកោះស៊ីស៊ីលី៕

