ទីម័រខាងកើត៖ រដ្ឋាភិបាលនៃប្រទេសទីម័រខាងកើត ដែលជាអ្នករិះគន់ដ៏លេចធ្លោលើការដឹកនាំរបស់សហភាពមីយ៉ាន់ម៉ា បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពដ៏កម្រនេះថា រដ្ឋភិបាលយោធាមីយ៉ាន់ម៉ា បានបញ្ជាឲ្យប្រមុខការទូតរបស់ទីម័រខាងកើត ចាកចេញពីប្រទេសនេះ។ រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលបានកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១ មិនបានចេញសេក្ដីប្រកាសណាមួយអំពីបញ្ហានេះទេ ហើយអ្នកនាំពាក្យក៏មិនទាន់បានធ្វើអត្ថាធិប្បាយនោះដែរ។
រដ្ឋាភិបាលទីម័រខាងកើតបាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ថា ខ្លួនបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងសម្រាប់ការវិលត្រឡប់នៃសណ្តាប់ធ្នាប់ប្រជាធិបតេយ្យនៅក្នុងសហភាពមីយ៉ាន់ម៉ា និងបង្ហាញពីសាមគ្គីភាពរបស់ខ្លួនជាមួយប្រជាជនមីយ៉ាន់ម៉ា ខណៈពេលដែលជំរុញឱ្យរបបសឹករបស់ប្រទេសនេះ គោរពសិទ្ធិមនុស្ស និងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្ថាបនាចំពោះវិបត្តិផ្សេងៗក្នុងប្រទេសនេះ។
បណ្ដាអ្នកនយោបាយទីម័រខាងកើត បាននិយាយរិះគន់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ហើយលោកប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta បានជួបជាមួយអ្នកតំណាងជាន់ខ្ពស់មកពីរដ្ឋាភិបាលរួបរួមជាតិស្រមោលរបស់មីយ៉ាន់ម៉ា (NUG) ដែលប្រឆាំងនឹងការគ្រប់គ្រងដោយយោធា។
គួររម្លឹកផងដែរថា រដ្ឋមន្ត្រីសិទ្ធិមនុស្សមីយ៉ាន់ម៉ា លោក NUG Aung Myo Min បាននិយាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា អ្នកការទូតទទួលបន្ទុកកិច្ចការប្រទេសទីម័រខាងកើត ត្រូវតែចាកចេញពីប្រទេសមីយ៉ាន់ម៉ាត្រឹមថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ៕

