ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍នៅថ្ងៃចន្ទនេះថា ពលរដ្ឋរាប់រយនាក់ ត្រូវបានជម្លៀសចេញនៅប្រទេសចិនភាគខាងកើត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានទឹកជំនន់ និងបំណាក់ដី នៅក្នុងខេត្តជាច្រើន។
រូបភាពបង្ហាញ លើបណ្តាញCCTV បានបង្ហាញពីបុគ្គលិកសង្គ្រោះបន្ទាន់ កំពុងជម្លៀសពលរដ្ឋវ័យចំណាស់នៅលើកៅអីវិលក្នុងទីក្រុង Xuchang( ស៊ូឆាង) ក្នុងខេត្ត Henan( ហ៊ើណាន) បន្ទាប់ពីទឹកជំនន់ បានកើនឡើងដល់ កម្ពស់៣.៣ហ្វីត ដែលកំពុងធ្វើឲ្យពលរដ្ឋជាប់គាំងខ្លួន។
Yidu ជាទីក្រុងនៅខេត្ត Hubei បានចេញការប្រកាសអាសន្នព័ណ៌ក្រហម ដែលជាការព្រមានធ្ងន់ធ្ងរ នៅក្នុងប្រព័ន្ធប្រកាសអាសន្នអំពីអាកាសធាតុកម្រិតទី៤ ខណៈឃ្លីបវីដេអូ ដែលថតដោយ CCTV បានបង្ហាញពីយានយន្ត កំពុងបើកបរកាត់ផ្លូវមានទឹកជន់លិចខ្លាំង ហើយគ្រឿងចក្ររុញដី កំពុងសម្អាត កម្ទេចថ្មពីបំណាក់ដី។
ប្រទេសចិន បានត្រៀមទប់ទល់ជាច្រើនសប្តាហ៍មកហើយ នូវទឹកភ្លៀងនិងទឹកជំនន់ ក្នុងពេលរដូវក្តៅមានសំណើមមិនប្រក្រតី។ កាលពីចុងខែកក្កដាព្យុះជាច្រើនបណ្តាលមកពីព្យុះទីហ្វុង Doksuri បានបណ្តាលឲ្យមានទឹកភ្លៀងក្នុងកំណត់ត្រាវាយបក់មកលើប្រទេសចិន ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ដោយទីក្រុងប៉េកាំងជួបប្រទះភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងរយៈពេល១៤០ឆ្នាំមកនេះ។

