លីប៊ី៖ នាយករដ្ឋមន្ត្រីលីប៊ី បានផ្អាកតំណែងរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បន្ទាប់ពីលោកស្រីបានជួបក្រៅផ្លូវការជាមួយសមភាគីអ៊ីស្រាអែល។ ប្រទេសលីប៊ី មិនទទួលស្គាល់អ៊ីស្រាអែលទេ ដោយសាររដ្ឋធានីទ្រីប៉ូលីគាំទ្របុព្វហេតុប៉ាឡេស្ទីន ហើយកិច្ចប្រជុំរវាងរដ្ឋមន្រ្តីទាំងពីរនោះបានបង្កឱ្យមានការតវ៉ាជាច្រើន។
ការតវ៉ាទាំងនោះ បានផ្ទុះឡើងនៅក្នុងរដ្ឋធានីទ្រីប៉ូលី និងទីក្រុងមួយចំនួនទៀត បន្ទាប់ពីមានព័ត៌មាននៃកិច្ចប្រជុំនេះត្រូវបានផ្សាយ។ ផ្លូវជាច្រើនខ្សែត្រូវបានបិទ និងមានការដុតសំបកកង់ ហើយក្រុមបាតុករបានគ្រវីទង់ជាតិប៉ាឡេស្ទីន ទោះបីជាការតវ៉ាហាក់ដូចជាមានស្ថានភាពតួចតាចក៏ដោយ។
អ៊ីស្រាអែលកំពុងព្យាយាមកសាងទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសអារ៉ាប់ និងមូស្លីមច្រើនជាងមុន ដូចជាប្រទេសលីប៊ី ដែលសម្បូរទៅដោយប្រេងនេះជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាប្រធានាធិបតីរបស់ប្រទេសលីប៊ី ដែលតំណាងឱ្យខេត្តចំនួនបីរបស់ខ្លួន បាននិយាយថា វាខុសច្បាប់ក្នុងការធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល។
ប្រទេសលីប៊ី បានស្ថិតក្នុងភាពចលាចលអស់ជាច្រើនឆ្នាំ ដោយប្រទេសនេះបានបែងចែករវាងរដ្ឋាភិបាលបណ្តោះអាសន្ន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅទីរដ្ឋធានីទ្រីប៉ូលី និងគូប្រជែងមួយនៅភាគខាងកើត៕

