ក្លិបបាល់ទាត់ Sheffield United បានសំរេចក្នុងការនាំយកខ្សែប្រយុទ្ធយុវជនអាយុក្រោម ២១ ឆ្នាំអង់គ្លេស Cameron Archer ពីក្លិបបាល់ទាត់ Aston Villa ក្នុងតម្លៃ ១៨ លានផោន។
កីឡាករវ័យ ២១ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ១១ គ្រាប់ក្នុងការបង្ហាញខ្លួន ២០ ប្រកួតនៅ Middlesbrough ក្នុងកិច្ចសន្យាខ្ចីជើង មុនពេលស៊ុតបញ្ចូលទី ២ គ្រាប់ជួយក្រុមអង់គ្លេសលើកពានជើងឯកអឺរ៉ុបអាយុក្រោម ២១ ឆ្នាំ។
Cameron Archer ជាកីឡាករដែលចេញពីថ្នាលយុវជន Aston Villa និងបានបង្ហាញខ្លួននៅក្រុមធំកាលពីខែសីហាឆ្នាំ ២០១៩ មុនពេលដែលក្លិបបញ្ចេញឱ្យក្លិបនៅ National League, Solihull Moors ខ្ចីនៅរដូវកាល ២០២០- ២០២១។
ថ្វីបើ Cameron Archer បានបង្ហាញខ្លួនដំបូងនៅ Premier League ឱ្យ Aston Villa កាលពីខែវិច្ឆិកា ឆ្នាំ២០២១ តែក្រោយមក Archer ក៏បានចំណាយពេលជាកីឡាករខ្ចីជើងនៅ Preston និង Middlesbrough។
Cameron Archer បានក្លាយជាកីឡាករទី ៨ ហើយដែលផ្លាស់មកកាន់ Sheffield United ក្នុងរដូវកាលដែលឡើងមកលេងក្របខណ្ឌកំពូល English Premier League រដូវកាលនេះ។
Sheffield United ចាប់ផ្តើមរដូវកាលថ្មីនេះដោយចាញ់ Crystal Palace ថ្ងៃបើកឆាក មុនបន្តចាញ់នៅទឹកដីNottingham Forest និងចាញ់ក្រុមជើងឯក Manchester City ប្រផិតប្រផើយ ២-១ យប់មិញ៕ អត្ថបទ៖នាង សុភាវុធ
