បាល់ទាត់៖ ព្រឹកថ្ងៃពុធនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសឱ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងចាកចេញទៅកាន់ប្រទេសបារ៉ែន យប់ថ្ងៃទី២៧ ខែឧសភានេះ បំពេញបេសកកម្មជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ២០២២ កាតា បីប្រកួតដែលនៅសល់។

ចំពោះបេសកកម្ម ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា រួមមាននៅថ្ងៃទី៣ ខែមិថុនា ក្រុមគោព្រៃកម្ពុជាត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះបារ៉ែននាម៉ោង ១១៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ខណៈនៅថ្ងៃទី៧ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាម៉ោង ៩៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) និងថ្ងៃទី១១ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយក្រុមខ្លាំងអ៊ីរ៉ង់នាម៉ោង ៩៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ហើយទាំង ៣ប្រកួតនេះនឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News។
តាមរយៈលទ្ធផល ៥ប្រកួតកន្លងមកនេះ នឹងស្មើតែមួយប្រកួត ក្រៅពីនោះចាញ់ ជម្រើសជាតិកម្ពុជានឹងមិនបានឡើងទៅជុំទី៣ ជម្រុះបាល់ទាត់ពិភពលោកទេ តែទោះបីចំណាត់ថ្នាក់យ៉ាងណាក្នុងពូល ក៏នៅសល់ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី ២០២៣ ដែលចិនជាម្ចាស់ផ្ទះដែរ៕
អត្ថបទ៖ គង់ ហួន