ឥណ្ឌា៖ អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បាននិយាយកាលពីថ្ងៃអាទិត្យ (២៧សីហា) ថា បន្ទុកនៅលើយានចុះចតនៃបេសកកម្មព្រះចន្ទ ចន្ត្រាយាន-3 (Chandrayaan-3) របស់ប្រទេសឥណ្ឌា បានបញ្ជូនទិន្នន័យការសង្កេតដំបូងរបស់ខ្លួន អំពីប្រវត្តិសីតុណ្ហភាពនៃផ្ទៃប៉ូលខាងត្បូងរបស់ព្រះចន្ទមកផែនដី។
អង្គការនេះបានបន្ថែមថា បន្ទុកដែលហៅថា ការពិសោធន៍លើផ្ទៃព្រះចន្ទ (ChaSTE) របស់យានចន្ត្រា បានវាស់ទម្រង់សីតុណ្ហភាពនៃផ្ទៃព្រះចន្ទជុំវិញប៉ូលខាងត្បូង ដើម្បីស្វែងយល់ពីឥរិយាបថកម្ដៅនៃផ្ទៃព្រះចន្ទ។
ទីភ្នាក់ងារ ISRO បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គម Twitter ថា «បន្ទុកនោះមានឧបករណ៍ស៊ើបអង្កេតសីតុណ្ហភាព ដែលបំពាក់ដោយឧបករណ៍ជ្រៀតចូល ដែលមានសមត្ថភាពឈានដល់ជម្រៅ១០សង់ទីម៉ែត្រនៅក្រោមផ្ទៃព្រះចន្ទ។
ទិន្នន័យក្រាបដែលបានបញ្ជូនមកនោះ បង្ហាញពីបម្រែបម្រួលសីតុណ្ហភាពនៃផ្ទៃព្រះច័ន្ទ ឬផ្ទៃនៅជិតភពព្រះចន្ទនៅជម្រៅផ្សេងៗ ដូចដែលបានកត់ត្រាក្នុងអំឡុងពេលការជ្រៀតចូលរបស់យាននេះ។ នោះគឺជាទម្រង់ដំបូងបង្អស់សម្រាប់សីតុណ្ហភាពប៉ូលខាងត្បូងរបស់ព្រះចន្ទ ចំណែកការសង្កេតលម្អិតកំពុងដំណើរការបន្តទៀត»។ ការវិវត្តន៍នេះបានកើតឡើងរយៈពេលបួនថ្ងៃ បន្ទាប់ពីបេសកកម្មអវកាសរបស់ឥណ្ឌា បានចុះចតដោយជោគជ័យលើផ្ទៃព្រះចន្ទនៅថ្ងៃទី២៣ ខែសីហា៕
