
សិស្សសាលានៅតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប បានចាប់ផ្តើមឆ្នាំសិក្សាថ្មីរបស់ពួកគេ កាលពីថ្ងៃអាទិត្យម្សិលមិញ ប៉ុន្តែគេនៅមិនទាន់ច្បាស់នោះទេថាតើពួកគេនឹងអាចបញ្ចប់ឆ្នាំសិក្សាដោយគ្មានការរំខានឬយ៉ាងណា ដោយសារតែវិបត្តិហិរញ្ញវត្ថុនៅទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ(UN) ។
ទីភ្នាក់ងារការងារជួយសង្រ្គោះសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនរបស់ UN (UNRWA)គ្រប់គ្រងសាលារៀន ២៨៨កន្លែងនៅក្នុងដែនដីប៉ាឡេស្ទីន នៅក្នុងចំណោមសាលារៀន ៧០០កន្លែងនៅទូទាំងតំបន់មជ្ឈិមបូព៌ាដែលពួកគេផ្តល់មូលនិធិជាមួយមណ្ឌលសុខភាព ១៤០កន្លែង ។
ប៉ុន្តែពួកគេខ្វះខាតថវិកាជិត ២០០លានដុល្លារ ត្រូវការសម្រាប់ប្រាក់បៀវត្សរ៍បុគ្គលិក និងបន្តសេវាកម្មរហូតដល់ដំណាច់ឆ្នាំ ២០២៣នេះ ។
លោក Thomas White គឺជាប្រធានផ្នែកកិច្ចការនៅ UNRWAនិយាយថា ពួកយើងពុំទាន់ទទួលបានមូលនិធិទាំងអស់ ដែលពួកយើងត្រូវការដើម្បីធានាថា សាលារៀនរបស់ពួកយើងអាចនៅបន្តប្រតិបត្តិការរហូតដល់ដំណាច់ឆ្នាំនេះ ដូច្នេះហើយពួកយើងកំពុងធ្វើ ដើម្បីទទួលបានមូលនិធិដែលត្រូវការឲ្យសាលារៀនបើកទ្វារនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ។
លោក White បន្តថា ប្រទេសបរិច្ចាគ នឹងពិភាក្សាលើការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារ UNRWA នៅខែកញ្ញាខាងមុខនេះ ។
អំឡុងធ្វើដំណើរទៅកាន់សាលារៀនមួយកន្លែងក្នុងចំណោមសាលារៀនជាច្រើនទៀតដែលគ្រប់គ្រងដោយ UNRWA លោក White បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្នុងករណីដែលពួកយើងពុំទទួលបានមូលនិធិទេនោះ សិស្សសាលា ២៩៨.០០០នាក់ នឹងមិនទៅរៀននោះទេ ។ នៅក្នុងតំបន់ហ្គាហ្សា ប្រជាពលរដ្ឋ ១,២លាននាក់ មិនទទួលបានការថែទាំសុខភាពផងដែរ ។
បន្ថែមពីលើថវិកា ២០០លានដុល្លារ ដើម្បីគាំទ្រថវិកាប្រតិបត្តិការនៅក្នុងតំបន់ហ្គាហ្សា ទីភ្នាក់ងារ UNRWAត្រូវការថវិកា ៧៥លានដុល្លារផងដែរសម្រាប់ជំនួយចំណីអាហារនៅតំបន់មួយនេះ ៕
