
លោក Terry Gou គឺជាស្ថាបនិកមហាសេដ្ឋីបង្កើតក្រុមហ៊ុន Foxconnដែលជាក្រុមហ៊ុនផ្គត់ផ្គង់សំខាន់របស់ក្រុមហ៊ុន Apple និយាយនៅថ្ងៃចន្ទនេះថា លោកបានចូលរួមការប្រកួតប្រជែងដើម្បីក្លាយជាមេដឹកនាំបន្ទាប់របស់កោះតៃវ៉ាន់ ក្នុងនាមជាបេក្ខជនឯករាជ្យនៅការបោះឆ្នោតឆ្នាំ ២០២៤ខាងមុខនេះ ។
លោក Gouបានលាលែងពីតំណែងប្រធានក្រុមហ៊ុន Foxconn កាលពីឆ្នាំ ២០១៩ ហើយនិងប៉ុនប៉ងចង់ក្លាយជាមេដឹកនាំកាលពីឆ្នាំមុន ប៉ុន្តែលោកដកខ្លួនទៅវិញ ក្រោយលោកមិនអាចឈ្នះការតែងតាំងសម្រាប់គណបក្សប្រឆាំងសំខាន់ Kuomintang (KMT) របស់កោះតៃវ៉ាន់ ដែលមានទំនាក់ទំនងជិតស្និតជាមួយចិនដីគោក ។
លោកបានព្យាយាមជាលើកទី ២ដើម្បីក្លាយជាបេក្ខជនរបស់គណបក្ស KMTសម្រាប់ការបោះឆ្នោតមេដឹកនាំដែលនឹងរៀបចំឡើងនៅដើមឆ្នាំក្រោយ ប៉ុន្តែគណបក្សបានជ្រើសរើសយកលោក Hou Yu-ih ជំនួសវិញ ដែលជាអភិបាលក្រុងតៃប៉ិ។
លោក Gouបានចំណាយពេលទស្សនកិច្ចប៉ុន្មានសប្តាហ៍កន្លងមកនេះ នៅកោះតៃវ៉ាន់ និងបានចូលរួមពិធីឃោសនាដូចជាយុទ្ធនាការស្វែងរកសំឡេងឆ្នោត ធ្វើឲ្យមានការព្យាករណ៍ថា លោកមានគម្រោងឡើងដណ្តើមតំណែងមេដឹកនាំក្នុងនាមជាបេក្ខជនឯករាជ្យ ។ លោកត្រូវការប្រមូលហត្ថលេខាអ្នកបោះឆ្នោតចំនួន ៣០ម៉ឺននាក់ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ក្នុងនាមជាបេក្ខជនឯករាជ្យ ៕