
កូរ៉េខាងជើង និយាយថា ពួកគេនឹងអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនដែលជាប់ខ្លួននៅបរទេស វិលត្រឡប់មកកាន់ប្រទេសកំណើតវិញជាលើកដំបូង ចាប់តាំងពីការរីករាលដាលឆ្លងសកលជំងឺ COVIVD-19 បន្ទាប់ពីការគ្រប់គ្រងព្រំដែនយ៉ាងតឹងរឹងរយៈពេល ៤ឆ្នាំ។ នេះបើយោងតាមការអះអាងរបស់សារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង ដែលបានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យ ។
ក្រុមមន្រ្តីបង្ការជំងឺ COVID-19 របស់ទីក្រុងព្យុងយ៉ាង បាននិយាយកាលពីរយៈពេល ១ថ្ងៃមុនថា ការយល់ព្រមបែបនេះ គឺស្របតាមសេចក្តីប្រកាសបញ្ឈប់ស្ថានភាពរីករាលដាលឆ្លងនៅទូទាំងពិភពលោក ។
ការប្រកាសបែបនេះ ទំនងជាការប្រកាសជាសាធារណៈលើកដំបូងរបស់កូរ៉េខាងជើងពីការផ្លាស់ប្តូរគោលនយោបាយ ។ វាបានកើតឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយជើងហោះហើរពីទីក្រុងព្យុងយ៉ាង បានចុះចតនៅទីក្រុងប៉េកាំងជាលើកដំបូង ចាប់តាំងពីវិធានការបិទខ្ទប់ ចាប់ផ្តើមកាលពីឆ្នាំ ២០២០ ដែលបានបង្ខំឲ្យគណៈប្រតិភូបរទេសជាច្រើន បិទស្ថានទូតរបស់ពួកគេនៅទីក្រុងព្យុងយ៉ាង ដោយសារតែពួកគេមិនអាចឆ្លាស់បុគ្គលិក ឬនាវាផ្គត់ផ្គង់បាន ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ច្បាស់នោះទេថាអ្នកណាខ្លះនឹងឡើងលើជើងហោះហើរ ខណៈដែលក្រុមហ៊ុនទេសចរណ៍លោកខាងលិច ដែលប្រតិបត្តិការនៅកូរ៉េខាងជើងនិយាយថា ពួកគេទំនងជាជើងហោះហើរដែលត្រូវដឹកជញ្ជូនពលរដ្ឋកូរ៉េខាងជើងជាប់ខ្លួននៅចិនអស់រយៈពេល ៣ឆ្នាំកន្លងមកនេះ ឲ្យវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ៕