
ក្រសួងការពារជាតិកោះតៃវ៉ាន់និយាយថា ចិនបានបញ្ជូនយន្តហោះចម្បាំង និងនាវចម្បាំងរាប់សិបគ្រឿងមកកាន់កោះមួយនេះ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយសហរដ្ឋអាមេរិកយល់ព្រមលក់អាវុធតម្លៃ ៥០០លានដុល្លារដល់កោះតៃវ៉ាន់ ។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះចម្បាំង ៣២គ្រឿង មកពីកងទ័ពរំដោះប្រជាជន និងនាវាចម្បាំង ៩គ្រឿងមកពីកងទ័ពជើងទឹកចិន ត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
នៅក្នុងចំណោមយន្តហោះចម្បាំងទាំងនេះ យន្តហោះចម្បាំង ២០គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្តាលច្រកសមុទ្រតៃវ៉ាន់ ឬបានបំពានលើតំបន់កំណត់ដែនការពារអាកាសកោះតៃវ៉ាន់។ ជាការឆ្លើយត កោះតៃវ៉ាន់ បានចេញសកម្មភាពយន្តហោះចម្បាំងផ្ទាល់ខ្លួន នាវាចម្បាំង និងប្រព័ន្ធមីស៊ីល ដើម្បីតបតនឹងសកម្មភាពដ៏គគ្លើនបែបនេះ ។
គួរឲ្យដឹងថា ចិនចាត់ទុកកោះស្វ័យគ្រប់គ្រងមួយនេះ ថាជាខេត្តផ្តាច់ខ្លួន ហើយពួកគេនឹងប្រើប្រាស់កម្លាំងដណ្តើមមកវិញ បើសិនជាចាំបាច់ ។
កាលពីឆ្នាំមុន ទីក្រុងប៉េកាំង បានបង្កើនសមយុទ្ធយោធារបស់ខ្លួន នៅជុំវិញកោះ ដើម្បីបង្ហាញប្រតិកម្មនឹងសកម្មភាពនយោបាយរបស់កោះតៃវ៉ាន់ ។
យោធាចិន បានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់កាលពីសប្តាហ៍មុនផងដែរ ជាការព្រមាន ក្រោយពេលដែលអនុប្រធានាធិបតីកោះតៃវ៉ាន់ ឈប់សំចតនៅសហរដ្ឋអាមេរិក អំឡុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ៕