ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ស្ដារលូ និងប្រឡាយបឹងសាឡាងជាបន្ទាន់ ដើម្បីរំដោះទឹកភ្លៀងកុំឱ្យមានការជន់លិចតំបន់ខណ្ឌទួលគោកពេលមានភ្លៀងខ្លាំងម្ដងៗ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌទួលគោកចុះពិនិត្យមើលប្រព័ន្ធលូ និងប្រឡាយបឹងសាឡាង ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាឱ្យលូ និងប្រឡាយទាំងនេះ អាចរំដោះទឹកបាន នៅពេលមានជំនន់ទឹកភ្លៀងខ្លាំងម្តងៗ ។
ខណៈចុះពិនិត្យមើលប្រព័ន្ធលូជាក់ស្តែងនៅតាមបណ្តោយផ្លូវលេខ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកនេះ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្តារលូចំនួន៦ខ្សែជាបន្ទាន់ ដែលលូទាំងនេះបានតភ្ជាប់ទៅប្រឡាយបឹងសាឡាង ដែលជាប្រឡាយដ៏សំខាន់ក្នុងការរំដោះទឹកនៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក ពិសេសនៅមុខមជ្ឃមណ្ឌលម៉ុងឌីយ៉ាល់តែម្តង។
ក្រោយពីការពិនិត្យប្រព័ន្ធលូ ឯកឧត្តម ឃួង ស្រេង ក៏បានបន្តដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌទួលគោកចុះពិនិត្យមើលប្រឡាយបឹងសាឡាងផងដែរ ដោយឯកឧត្ដមបានបញ្ជាឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញស្តារភក់នៅក្នុងប្រឡាយនេះឱ្យបានជ្រៅ ធ្វើយ៉ាងណាអាចនាំទឹកទៅដល់ប្រឡាយស្ទឹងមានជ័យ។
គួរបញ្ជាក់ថា ឯកឧត្តម ឃួង ស្រេង បានចុះពិនិត្យដោយចាប់ផ្តើមពីផ្លូវលេខ២៣០ រហូតដល់ស្ពានអាកាសស្ទឹងមានជ័យ ។ ប្រឡាយបឹងសាឡាងមានសារៈសំខាន់ក្នុងការរំដោះទឹកចេញពីតំបន់បឹងសាឡាង តំបន់ម៉ុងឌីយ៉ាល់ ផ្លូវលេខ២៦១ ផ្លូវលេខ២៣០ និងផ្លូវមួយចំនួនទៀត ក្នុងភូមិសាស្ត្រខណ្ឌទទួលគោក ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការនាំទឹកទៅប្រឡាយស្ទឹងមានជ័យ បន្តទៅស្ថានីយបូមទឹកបឹងទំពុន ដូច្នេះហើយទើបអាជ្ញាធររាជធានីភ្នំពេញធ្វើការស្តារជាបន្ទាន់ ដើម្បីរំដោះការលិចលង់នៅរដូវវស្សានេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា










