វាយកូនបាល់៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានត្រៀមកីឡាករ-កីឡាការិនីជម្រើសជាតិ ៨រូបសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាខែវិច្ឆិកាខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក ជា ពៅ គ្រូបង្វឹករបស់សហព័ន្ធកាលពីថ្មីៗ។

លោក ជា ពៅ បានបញ្ជាក់ថា បច្ចុប្បន្នកីឡាករ-កីឡាការិនីទាំងអស់កំពុងធ្វើស្វ័យហ្វឹកហាត់តាមផ្ទះ និងកន្លែងមានសុវត្ថិភាពរៀងៗខ្លួន ដោយមិនទាន់មានការប្រមូលផ្ដុំនោះទេ។ លោកថា ការហាត់បែបនេះមិនអាចធ្វើឲ្យប្រសើរឡើង នូវបច្ចេកទេសរបស់កីឡាករ-កីឡាការិនីនោះទេ តែជាផ្នែកមួយដើម្បីរក្សាកម្រិតសមត្ថភាពពួកគេ កុំឲ្យស្រុតចុះអំឡុងវិបត្តិកូវីដ-១៩។ ប៉ុន្តែដោយមានការយកចិត្តទុកដាក់ពីក្រសួងអប់រំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងថ្នាក់ដឹកនាំសហព័ន្ធ លោករំពឹងថា មុនស៊ីហ្គេមនៅវៀតណាម កីឡាករ-កីឡាការិនីនឹងអាចធ្វើការប្រមូលផ្ដុំជួបគ្នាយ៉ាងហោច ២ ទៅ ៣ខែដើម្បីពង្រឹងសមត្ថភាពត្រៀមប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិពីព្រឹត្តិការណ៍ប្រចាំតំបន់នេះ។ យ៉ាងណាក្ដីពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញ ស.ជ.ណ អនុញ្ញាតឲ្យក្រុមជម្រើសជាតិទាំងអស់ ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញហើយ គ្រាន់តែអនុវត្តលក្ខខណ្ឌហ្វឹកហាត់បិទខ្ទប់ និងគោរពវិធានការផ្សេងៗ។
ទន្ទឹមជាមួយគ្នា គណៈកម្មាធិការជាតិ CAMSOC ក៏កំពុងធ្វើការជាមួយសហព័ន្ធកីឡាជាតិ ដើម្បីពន្លឿនការប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញផងដែរ ដើម្បីត្រៀមស៊ីហ្គេមនៅវៀតណាមចុងឆ្នាំនេះ។ សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមគ្រោងប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ដោយម្ចាស់ផ្ទះបានកំណត់កីឡាចំនួន ៤០ប្រភេទដាក់ឲ្យប្រកួត ក្នុងនោះកម្ពុជាក៏ត្រៀមបញ្ជូនអត្តពលិកចំនួន ៣២ប្រភេទកីឡាទៅចូលរួមផងដែរ៕
អត្ថបទ៖ លី ឈុនឡា