ការិយាល័យរបស់លោក បាននិយាយថា ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Yoon Suk-yeol បានទទួលទានអាហារសមុទ្រពេលថ្ងៃត្រង់ នៅថ្ងៃចន្ទនេះ ដើម្បីធ្វើឲ្យធូរស្រាលការព្រួយបារម្ភជាសាធារណៈ ជុំវិញសុវត្ថិភាពនៃផលិតផលត្រីក្នុងតំបន់ បន្ទាប់ពីប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រនុយក្លេអ៊ែរ Fukushima។ ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកសំណល់ពីរោងចក្រមិនដំណើរការចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃព្រហស្បតិ៍ បង្កឲ្យមានការតវ៉ានៅក្នុងប្រទេសជប៉ុន និងនៅក្នុងបណ្តាប្រទេសជិតខាង។ អ្នកប្រើប្រាស់ជនជាតិចិន បានព្រួយបារម្ភជាពិសេស ហើយទីក្រុងប៉េកាំងបានប្រកាសពីបម្រាមគ្របដណ្តប់លើផលិតផលជលផលទាំងអស់មកពីប្រទេសជប៉ុន។
នៅក្នុងប្រទេសកូរ៉េខាងត្បូង រដ្ឋាភិបាល បាននិយាយថាខ្លួនពុំបានរកឃើញបញ្ហាបច្ចេកទេសឬវិទ្យាសាស្ត្រណាមួយជាមួយការបញ្ចេញទឹកសំណល់នេះទេ ប៉ុន្តែការព្រួយបារម្ភជាសាធារណៈនៅតែមានខ្ពស់ជុំវិញអាហារសមុទ្រ និងការបំពុលមហាសមុទ្រ។ អំឡុងពេលកិច្ចប្រជុំប្រចាំសប្តាហ៍របស់លោក ជាមួយនាយករដ្ឋមន្ត្រីលោក Han Duck-soo លោក Yoon បានទទួលទានអាហារសមុទ្រសម្រាប់អាហារថ្ងៃត្រង់។ អាហារដ្ឋាននៅការិយាល័យប្រធានាធិបតី មានត្រីឆៅនៅលើមុខម្ហូបពេលថ្ងៃត្រង់សម្រាប់បុគ្គលិករបស់ខ្លួន។
ការិយាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការិយាល័យប្រធានាធិបតី បានសម្រេចផ្តល់ផលិតផលអាហារសមុទ្រនៅលើមុខម្ហូបពេលថ្ងៃត្រង់នៅអាហារដ្ឋានជារៀងរាល់ថ្ងៃ សម្រាប់រយៈពេល១សប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃចន្ទនេះ ដោយសង្ឃឹមថា ពលរដ្ឋរបស់យើងប្រើប្រាស់ផលិតផលអាហារសមុទ្រសុវត្ថិភាពដោយគ្មានក្តីបារម្ភ។