បន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំនាយ-ពលទាហាន អង្គភាពចំណុះកងពលធ្វើលំហាត់យុទ្ធដំណើរទ័ពដោយថ្មើរជើង ចំងាយ១៦គីឡូម៉ែត្រ ដោយឆ្លងកាត់ឧបសគ្គធម្មជាតិមួយចំនួន ដើម្បីពង្រឹងសមត្ថភាព។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានឲ្យដឹងថា ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាស សំរាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាពជំនាញយុទ្ធវិធីកងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព ឆន្ទះ មនសិការ ស្នេហាជាតិ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
លោកមេបញ្ជាការ បន្តថា ក្រៅពីហ្វឹកហ្វឺនពង្រឹងសមត្ថភាព ត្រូវត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង ទាំងកម្លាំង សម្ភារ មធ្យោបាយ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះមហន្តាយធម្មជាតិផ្សេងៗ ឲ្យបានទាន់ពេលវេលាផងដែរ.៕ ដោយ ៖ ឧត្ដម








