
បើយោងតាមការសិក្សាថ្មីមួយរបស់ទស្សនាវដ្តី Nature បានឲ្យដឹងថា បច្ចេកវិទ្យា AI ថ្មី អាចនឹងជួយឲ្យមនុស្សមួយចំនួននិយាយបានម្តងទៀត តាមរយៈឧបករណ៍ដែលអានសញ្ញាខួរក្បាល។
សម្រាប់អ្នកទាំងនោះ ដូចជាអ្នកនាង Ann Johnson ដែលបាត់បង់សមត្ថភាព ក្នុងការនិយាយ នៅវ័យ ៣០ឆ្នាំ បន្ទាប់ពីមានជំងឺដាច់សរសៃឈាមខួរក្បាល ការលើកឡើងនេះ គឺជាក្តីសង្ឃឹមដ៏ភ្លឺស្វាងមួយ។ ហើយអ្នកជំនាញនិយាយថា នេះគឺជាលើកទីមួយហើយ ដែលពាក្យនិយាយស្ដី និងការបញ្ចេញទឹកមុខ ត្រូវបានគេបកប្រែបែបនេះ។
អ្នកនាង Johnson បានជ្រើសរើសរូបតំណាងនេះ ដោយសំឡេងដែលត្រូវបានយកចេញពីវីដេអូ ដែលបានថតក្នុងពិធីមង្គលការរបស់អ្នកនាង។ អ្នកស្រាវជ្រាវនៃការសិក្សានេះ បាននិយាយថា ការងាររបស់ពួកគេពឹងផ្អែកលើអ្នកនាង Johnson ដែលជំងឺដាច់សរសៃឈាមខួរក្បាល បានបំផ្លាញកោសិការខួរក្បាលរបស់នាង ហើយធ្វើឲ្យរូបនាងមិនអាចនិយាយ ឬកម្រើកដៃរបស់នាងបាននោះឡើយ។
អ្នកស្រាវជ្រាវទាំងនោះ និយាយថា ឧបករណ៍ AI របស់ពួកគេ អាចទទួល និងកត់ត្រាសញ្ញាពីខួរក្បាលរបស់អ្នកនាង Johnson ហើយបញ្ជូនទិន្នន័យទាំងនោះ តាមរយៈរូបតំណាង៕
ឧបករណ៍បច្ចុប្បន្នរបស់អ្នកនាង Johnson ដែលជាក្ដារសរសេរអក្សរ អាចជួយឲ្យអ្នកនាងសរសេរអក្សរបាន។ អ្នកស្រាវជ្រាវអះអាងថា ប្រព័ន្ធ AI របស់ពួកគេ អាចដំណើរការបានលឿនជាង ៥ដង។
អ្នកស្រាវជ្រាវ កំពុងធ្វើការដើម្បីកែលម្អម៉ាស៊ីនឲ្យកាន់តែប្រសើរឡើង ហើយនៅទីបំផុត ជួយអ្នកជំងឺឲ្យបញ្ចេញគំនិតរបស់ពួកគេកាន់តែមានភាពត្រឹមត្រូវច្បាស់លាស់ ហើយពួកគេក៏សង្ឃឹមថា នឹងផលិតនូវប្រភេទឥតខ្សែតូចជាងមុន ដែលងាយស្រួល ក្នុងការប្រើប្រាស់៕