
ឈ្មួញលក់ត្រី និងអតិថិជនរបស់កូរ៉េខាងត្បូង នៅពីថ្ងៃចន្ទ (ទី២៨ ខែសីហា)នេះ បានសម្តែងការព្រួយបារម្ភរបស់ខ្លួន ចំពោះទីផ្សារអាហារសមុទ្រ បន្ទាប់ពីប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មរួចហើយចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា (Fukushima)។
លោកស្រី Kim Hi-soo វ័យ ៥៥ឆ្នាំ ជាអាជីវករនៅ Noryangjin ដែលជាផ្សារត្រីដ៏ធំបំផុត ក្នុងទីក្រុងសេអ៊ូល បាននិយាយថា ម៉ូយរបស់គាត់មួយចំនួន បានទិញអាហារសមុទ្រទុកយ៉ាងច្រើនតាមដែលអាចធ្វើទៅបាន មុនពេលទឹកនោះហូរបែកខ្ញែកពេញសមុទ្រ ដោយធ្វើឲ្យមានកង្វល់កាន់តែខ្លាំងពីការលក់ធ្លាក់ចុះ ដែលលោកស្រីនឹងជួបប្រទះ នៅខែប៉ុន្មានខាងមុខនេះ។
តាមរយៈការស្ទង់មតិសាធារណៈមួយ កាលពីខែកក្កដា ពីសំណាក់អង្គភាពស្ទង់មតិស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយ (Media Research) បានឲ្យដឹងថា ប្រជាជនកូរ៉េខាងត្បូង ៦២ភាគរយ បាននិយាយថា ពួកគេ នឹងកាត់បន្ថយ ឬបញ្ឈប់ការទទួលទានអាហារសមុទ្រ នៅពេលការបញ្ចេញទឹក បន្តកើតមាន ទោះបីជាមានការធានាពីរដ្ឋាភិបាលថា ខ្លួននឹងតាមដានយ៉ាងយកចិត្តទុកដល់ដំណើរការបញ្ចេញនេះក៏ដោយ។
សូមបញ្ជាក់ថា ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកពីរោងចក្រដែលរងការខូចខាតយ៉ាងដំណំចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៤ ខែសីហា ដែលបង្កឲ្យមានការតវ៉ា ទាំងនៅក្នុងប្រទេសជប៉ុនខ្លួនឯងផ្ទាល់ និងប្រទេសជិតខាង។ ជាពិសេស អ្នកប្រើប្រាស់ចិន មានការខកចិត្តចំពោះទង្វើនេះ ហើយទីក្រុងប៉េកាំង បានប្រកាសហាមឃាត់មិនឲ្យមានការនាំចូលផលិតផលជលផលទាំងអស់ពីប្រទេសជប៉ុន៕