
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយក្នុងសុន្ទរកថាទៅកាន់បណ្ដាអ្នកការទូត នៅថ្ងៃចន្ទ (ទី២៨ ខែសីហា) នេះ ថា ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសនីហ្សេ នឹងបន្តស្នាក់នៅក្នុងប្រទេសនេះ បើទោះបីជាមានសម្ពាធឲ្យចាកចេញពីមេដឹកនាំនៃរដ្ឋប្រហារ នាពេលថ្មីៗនេះក៏ដោយ។
លោក ម៉ាក្រុង (Macron) ក៏បានរំលឹកឡើងវិញនូវការគាំទ្ររបស់ប្រទេសបារាំង ចំពោះប្រធានាធិបតី ដែលត្រូវបានទម្លាក់ចេញពីអំណាចរបស់ប្រទេសនីហ្សេ គឺ លោក មូហាមេដ បាហ្ស៊ូម (Mohamed Bazoum)ដែលការសម្រេចមិនចុះចេញពីតំណែងរបស់លោក ត្រូវបានលោក ម៉ាក្រុង (Macron) បានហៅថា ជា «ភាពក្លាហាន»។
លោក Macron បានថ្លែងថា៖ «ខ្ញុំគិតថាគោលនយោបាយរបស់យើង គឺជារឿងត្រឹមត្រូវ។ គោលនយោបាយនេះ គឺអាស្រ័យលើភាពក្លាហានរបស់លោកប្រធានាធិបតី បាហ្ស៊ូម (Bazoum) និងការប្តេជ្ញាចិត្ត ពីសំណាក់ឯកអគ្គរដ្ឋទូតរបស់យើង ដែលកំពុងបន្តឈរជើងនៅទីកន្លែងនោះ បើទោះបីជាមានសម្ពាធ និងការប្រកាសគ្រប់យ៉ាង ដែលធ្វើឡើងដោយអាជ្ញាធររបស់រដ្ឋាភិបាលមិនស្របច្បាប់ក៏ដោយ»។
សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ (ទី២៥ ខែសីហា) របបយោធានីហ្សេ ដែលបានដណ្តើមអំណាច ក្នុងរដ្ឋប្រហារ កាលពីថ្ងៃទី២៦ ខែកក្កដា បានប្រាប់ថា ខ្លួនបានបញ្ជាឲ្យឯកអគ្គរដ្ឋទូតបារាំង លោក Sylvain Itte ចាកចេញពីប្រទេស ក្នុងរយៈពេល ៤៨ ម៉ោង៕