ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំទៅថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទាំងអស់ ត្រូវកែសម្រួលអត្តចរិត និងខិតខំបំពេញភារកិច្ចការងារ ឲ្យបានល្អប្រសើរ ដើម្បីលើកមុតមាត់រាជរដ្ឋាភិបាលអាណត្តិថ្មី និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ។
ក្នុងឱកាសប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ចជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត មានប្រសាសន៍ថា មន្ត្រីនគរបាលទាំងអស់ត្រូវចងចាំថា ការទទួលបាននូវភារកិច្ចតួនាទីរបស់ខ្លួន សុទ្ធសឹងតែជាការទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំពីជំនានមុន រហូតដល់បច្ចុប្បន្ន ដូចនេះត្រូវបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ ។
អគ្គស្នងការបានបន្តថា ការបំពេញភារកិច្ចនេះ ត្រូវធ្វើទៅតាមច្បាប់ មិនត្រូវធ្វើអ្វីដែលខុស ដើម្បីផលប្រយោជន៍ខ្លួន ប៉ះពាល់ប្រយោជន៍របស់ប្រជាពលរដ្ឋ និងធ្វើឲ្យអាប់អោនដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ នៅក្នុងអាណត្តិថ្មី នឹងធ្វើឲ្យមានការរិះគន់ពីមហាជន ។
ឯកឧត្តម បានបន្ថែមថា ចំពោះការបម្រើសេវាជូនប្រជាពលរដ្ឋ គឺនៅតាមប៉ុស្តិ៍នគរបាលនីមួយៗ ត្រូវមានកម្លាំងនៅប្រចាំការ មិនមែនពេលមានពលរដ្ឋទៅដាក់ពាក្យបណ្ដឹង គ្មានអ្នកចាំទទួលបណ្ដឹង ធ្វើឲ្យពួកគេពិបាកក្នុងការសុំអន្តរាគមន៍ពីសមត្ថកិច្ច នៅពេលមានកើតហេតុណាមួយ ។ មួយវិញទៀតប្រព័ន្ធ Hot Line ត្រូវមានអ្នកប្រចាំការ ២៤ម៉ោងលើ២៤ ដើម្បីលើកទូរស័ព្ទឆ្លើយតបការសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ ។
នាយកឧត្តមសេនីយ៍ ស ថេត បន្តទៀតថា កម្លាំងនគរបាលនៅគ្រប់រាជធានីខេត្ត ត្រូវខិតខំទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលកើតឡើងនៅតាមមូលដ្ឋាន ដូចជាបញ្ហាចោរកម្ម ក្មេងទំនើង និងបញ្ហាគ្រឿងញៀនជាដើម ដើម្បីកុំឲ្យមានការព្រួយបារម្ភដល់ប្រជាពលរដ្ឋ ហើយកុំឲ្យបទល្មើសទាំងអស់នោះ ក្លាយជាជំងឺរ៉ាំរ៉ៃ ។
ឯកឧត្តមអគ្គស្នងការ បានជំរុញទៅផងដែរទៅឧត្តមសេនីយ៍ទោ ជួន ណារិន ដែលទើបទទួលតំណែងជាអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ត្រូវតែខិតខំថែរក្សាសុខសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ដែលជាគោលដៅស្នូល ក្នុងការការពារ ព្រោះមានបណ្ដុំដោយថ្នាក់ដឹកនាំជាតិកំពូលៗ បណ្ដាអង្គទូត និងស្ថាប័នអង្គការអន្តរជាតិធំៗជាច្រើន ។
ក្នុងឱកាសទទួលបានតំណែងថ្មីនេះឧត្តមសេនីយ៍ទោ ជួន ណារិន បានប្ដេជ្ញាអនុវត្តតាមការណែនាំរបស់អគ្គស្នងការនគរបាលជាតិ ដែលមានទាំងការរក្សាសាមគ្គីភាពផ្ទៃក្នុង ថែរក្សាសុខសន្តិភាព ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ៕អត្ថបទ បាន សុខរិទ្ធិ






