បាល់ទាត់៖ យុវជនកូនកាត់ខ្មែរ-ហ្គាណា ឡេង ណូរ៉ា បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា (ក្រុមធំ) ដ្បិតខ្លួនមិននឹកស្មានថា ទទួលបានឱកាសមាសលឿនបែបនេះឡើយ។
សមាជិកក្លិបបាល់ទាត់ខេត្តព្រៃវែងដែលមានវ័យទើប ១៧ឆ្នាំរូបនេះបានបន្ថែមថា កន្លងមកខ្លួនមានកូនចិត្តត្រឹមប៉ងចង់ជាប់ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំប៉ុណ្ណោះ តែដល់ទទួលបានការកោះហៅពីក្រុមធំបែបនេះ រូបគេប្ដេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី និងអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀត។ គួរបញ្ជាក់ថា ឡេង ណូរ៉ា គឺជាកីឡាករវ័យក្មេងជាងគេក្នុងចំណោមកីឡាករ ២៤នាក់ ដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 ពូលC នៅប្រទេសបារ៉ែននាសប្ដាហ៍ក្រោយ។ ក្រុមជម្រើសជាតិកម្ពុជាគ្រោងចាកចេញពីកម្ពុជាទៅបារ៉ែននារាត្រីថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែឧសភានេះដើម្បីប្រមូលផ្ដុំហ្វឹកហាត់ និងត្រៀមការប្រកួតនៅទីនោះតែម្ដង។
ចំពោះការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០០២ នេះដែរ កម្ពុជានៅសល់ ៣ប្រកួតក្នុងដៃរួមមាននៅថ្ងៃទី៣ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះបារ៉ែននាម៉ោង ១១៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ខណៈនៅថ្ងៃទី៧ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់នាម៉ោង ៩៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) និងថ្ងៃទី១១ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយក្រុមខ្លាំងអ៊ីរ៉ង់នាម៉ោង ៩៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ហើយទាំង ៣ប្រកួតនេះនឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News៕
អត្ថបទ៖ លី ឈុនឡា