កីឡាករប្រណាំងកង់ប៊ែលហ្ស៊ិក Remco Evenepoel បានប្រជែងឈ្នះដំណាក់កាលទី ៣ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Vuelta a Espana តែបញ្ចប់ដោយបែកភ្នែកហូរឈាមក្រោយជិះបុកអ្នកគាំទ្រ។
ដំណាក់កាលទី ៣ ដែលមានចំងាយផ្លូវ ១៥៨.៥ គីឡូម៉ែត្រប្រណាំងនៅក្នុងប្រទេសអង់ដូរ៉ានៅឡើយ អ្នកការពារតំណែងជើងឯករូបនេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ១៥ នាទី ៣៩ វិនាទី តាមពីក្រោយដោយកីឡាករដាណឺម៉ាក Jonas Vingegaard ១ វិនាទី លេខ ៣ កីឡាករអេស្ប៉ាញ Juan Ayuso លេខ ៤ កីឡាករស្លូវេនី Primoz Roglic និងលេខ ៥ កីឡាករអេស្ប៉ាញ Marc Soler សុទ្ធតែតាមពីក្រោយ ១ វិនាទី។

ជាមួយគ្នានោះដែរកីឡាកររបស់ក្រុម Soudal-Quick Step, Evenepoel នៅពេលដល់ទីព្រ័ត្រភ្លាមក៏ជិះហួសទៅបុកនឹងអ្នកគាំទ្រជានារីម្នាក់ បណ្តាលឱ្យបែកឈាមនៅក្បែរភ្នែកស្តាំ។
នេះជាថ្ងៃទី ៣ ហើយដែលប្រណាំងកង់ Vuelta a Espana ជួបនឹងបញ្ហា បន្ទាប់ពីពីរដំណាក់កាលដំបូងមានការរំខាន និងពន្យាពេលដោយសារបញ្ហាភ្លៀងធ្លាក់ខ្លាំង។

យ៉ាងណាក្តីក្រោយ ៣ ដំណាក់កាលនេះ កីឡាករប៊ែលហ្ស៊ិក Remco Evenepoel នៅតែបន្តនាំមុខគេដដែលមាន ៥ វិនាទីចំណេញពីអ្នកលេខ ២ កីឡាករអេស្ប៉ាញ Enric Mas និងលេខ ៣ កីឡាករបារាំង Lenny Martinez យឺតជាង ១១ វិនាទី។
សម្រាប់ដំណាក់កាលទី ៤ ថ្ងៃអង្គារនេះមានចំងាយផ្លូវ ១៨៣.៤ គីឡូម៉ែត្រឆ្លងដែនពីប្រទេសអង់ដូរ៉ាចូលប្រទេសអេស្ប៉ាញ៕ អត្ថបទ៖នាង សុភាវុធ