ប្រទេសប៉ូឡូញ និងរដ្ឋតំបន់សមុទ្របាល់ទិក មានប្រទេស អេស្តូនី ឡាតវី និងលីទុយអានី បានទាមទាឲ្យ ប្រទេសបេឡារុស បណ្តេញចេញក្រុមទាហានស៊ីឈ្នួលក្រុមហ៊ុន Wagner របស់រុស្ស៊ីចេញពីទឹកដីរបស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ប្រទេសទាំងនេះបានជួបប្រជុំគ្នា ក្នុងប្រទេសប៉ូឡូញ និងបានចេញសេចក្តីថ្លែងការណ៍រួម។

សេចក្តីថ្លែងការណ៍និយាយថាបណ្តាប្រទេសទាំងនេះ នឹងឈររួមគ្នាប្រឆាំងការប៉ុនប៉ងណាមួយរបស់ប្រទេសរុស្ស៊ី និងបេឡារុសដើម្បីបង្កអស្ថិរភាពនៅក្នុងតំបន់។
សេចក្តីថ្លែងការណ៍ និយាយថា ពួកគេអាចបិទព្រំដែនឆ្លងកាត់ប្រសិនបើមានឧបទ្ទវហេតុកើតឡើង។ ប្រទេស ឡាតវី លីទុយអានី និងប៉ូឡូញ មានព្រំដែនរួមគ្នាជាមួយប្រទេសប៉េឡារុស។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានដកស្រង់សំដី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសលីទុយអានី លោក Agne Bilotaite ដែលបាននិយាយថាមានភស្តុតាងវិនិច្ឆ័យដែលអាចនាំទៅរកការបិទព្រំដែន។ លោករដ្ឋមន្ត្រីនិយាយថាការវិនិច្ឆ័យមួយគឺឧបទ្ទវហេតុប្រដាប់អាវុធនៅព្រំដែនប្រទេសមួយក្នុងចំណោមបណ្តាប្រទេសមានព្រំដែនជាប់បេឡារុស ហើយឧបទ្ទវហេតុចាំបាច់មានការគំរាមធ្ងន់ធ្ងរចំពោះសន្តិសុខរបស់ប្រទេសទាំងនេះ។
ប្រទេសទាំងនេះ ប្រុងប្រយ័ត្ន ចំពោះសកម្មភាពរបស់ក្រុមទាហានស៊ីឈ្នួលក្រុមហ៊ុន Wagner នៅក្នុងប្រទេសបេឡារុស ចាប់តាំងពីខែមិថុនា។
សេចក្តីថ្លែងការណ៍បង្ហាញសញ្ញាថា ពួកគេនៅតែមានជំហរប្រុងប្រយ័ត្នចំពោះក្រុមនេះ ទោះបីជាបន្ទាប់ពីការស្លាប់របស់មេដឹកនាំក្រុមហ៊ុនWagner លោក Yevgeny Prigozhin ក៏ដោយ។
