កាលពីព្រឹកថ្ងៃចន្ទ (២៨សីហា) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao និងលោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំង ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីពាណិជ្ជកម្មទ្វេភាគី។

ភាគីទាំងពីរមានការប្រាស្រ័យទាក់ទងប្រកបដោយហេតុផល ភាពស្មោះត្រង់ និងលក្ខណៈស្ថាបនា អំពីទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក និងសេដ្ឋកិច្ច ព្រមទាំងបញ្ហានៃក្តីបារម្ភទៅវិញទៅមក ដោយមានគោលបំណងអនុវត្តការស្របមតិគ្នាជាឯកច្ឆ័ន្ធសំខាន់របស់ប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំមុនផងដែរ។
លោក Wang បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ក្រោមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីជំរុញបរិយាកាសគោលនយោបាយដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច ព្រមទាំងជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីផងដែរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអនុវត្តរបស់សហរដ្ឋអាមេរិក រួមទាំងពន្ធផ្នែកទី៣០១ លើការនាំចេញរបស់ចិន គោលនយោបាយគ្រឿងសៀគ្វីពាក់កណ្ដាលចម្លង ការរឹតបន្តឹងការវិនិយោគពីរផ្លូវ ការឧបត្ថម្ភធនបែបរើសអើង និងការដាក់ទណ្ឌកម្ម ដែលផ្តោតលើក្រុមហ៊ុនចិនផងដែរ។ ដូចដែលសហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីថា ខ្លួនមិនមានចេតនាស្វែងរកការកាត់ផ្ដាច់ខ្លួនជាមួយចិនទេ ហើយចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងធ្វើដូចដែលខ្លួនបាននិយាយ៕
