រដ្ឋាភិបាលក្រិកបាននិយាយថា កុមារអន្តោប្រវេសន៍៤នាក់ បានលង់ទឹកស្លាប់នៅកោះ Lesbos របស់ក្រិក ហើយស្ត្រីម្នាក់បានលង់ទឹកស្លាប់នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយនៅកោះ Samos កាលពីថ្ងៃចន្ទ (២៨ សីហា) ខណៈពេលដែលពួកគេព្យាយាមឆ្លងសមុទ្រពីប្រទេសទួរគីក្បែរនោះ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Pavlos Marinakis បាននិយាយថា ឆ្មាំល្បាតឆ្នេរក្រិកបានជួយសង្គ្រោះមនុស្ស២៣នាក់នៅក្នុងដែនទឹកទួរគីកាលពីព្រឹកព្រលឹមថ្ងៃចន្ទ ហើយក្រោយមកមនុស្ស៤នាក់បានស្លាប់។ អ្នកស្លាប់ទាំងនោះជាក្មេងប្រុសអាយុ៨ឆ្នាំ និងក្មេងស្រី៣នាក់អាយុ១៤ឆ្នាំ ៨ឆ្នាំ និង១១ខែ។
វីដេអូពីឆ្មាំល្បាតឆ្នេររបស់ប្រទេសក្រិក បានបង្ហាញពីប្រតិបត្តិការជួយសង្គ្រោះនៅឯសមុទ្រក្បែរកោះ Lesbos និងសាកសពមួយចំនួន ក៏ដូចជាជនអន្តោប្រវេសន៍ដែលត្រូវបានជួយសង្គ្រោះ និងបាននាំយកទៅកាន់ច្រាំងសមុទ្រក្នុងរដ្ឋធានី Mytilene របស់កោះនេះផងដែរ។
លោក Marinakis បាននិយាយថា ដោយឡែកស្ត្រីម្នាក់ និងកុមារម្នាក់ត្រូវបានគេរកឃើញសន្លប់នៅកោះ Samos ពេញមួយយប់ ហើយស្ត្រីនោះក្រោយមកបានស្លាប់ បើទោះបីជាមានការខិតខំប្រឹងប្រែងជួយសង្គ្រោះក៏ដោយ ។
យោងតាមទិន្នន័យពីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានឱ្យដឹងថា មនុស្សជាង១៥.៦០០នាក់បានមកដល់ប្រទេសក្រិកនៅឆ្នាំនេះ ដោយមនុស្សជិត១២.០០០នាក់បានធ្វើដំណើរតាមសមុទ្រ៕
