ខ្សែប្រយុទ្ធតោខៀវ Chelsea ដែលស្ថិតនៅក្រៅជម្រើស Romelu Lukaku នឹងផ្លាស់ទៅចូលរួមជាមួយក្លិបអ៊ីតាលី AS Roma ក្នុងកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាល។
កិច្ចព្រមព្រៀងខ្ចីនេះ Roma ត្រូវបង់ថ្លៃ ៨ លានផោនមកកាន់ Chelsea ហើយ Roma នឹងរ៉ាប់រងប្រាក់ឈ្នួលរបស់កីឡាករវ័យ ៣០ ឆ្នាំរូបនេះពេញមួយរដូវកាលផងដែរ។

ជុំវិញរឿងនេះដែរ Inter Milan ធ្លាប់សង្ឃឹមថា Lukaku នឹងមិនស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការ Chelsea, Mauricio Pochettino រដូវកាលនេះ ដើម្បីយកកីឡាករប៊ែលហ្ស៊ិករូបនេះត្រលប់មក Serie A វិញក្នុងលក្ខខណ្ឌខ្ចីជើង។
ផ្ទុយទៅវិញ Lukaku ក៏ធ្លាប់មិនសប្បាយចិត្តជាមួយគ្រូបង្វឹក Inter Milan លោក Simone Inzaghi ផងដែរ ដែលមិនបានដាក់រូបគេចូលលេងជម្រើសដំបូងនៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ចាញ់ Manchester City រដូវកាលមុន។
អ៊ីតាលីនៅតែគោលដៅរបស់ Lukaku ដដែល ខណៈការផ្លាស់ទៅកាន់ AS Roma នឹងឃើញរូបគេរួបរួមជាមួយ លោក Jose Mourinho វិញ បន្ទាប់ពីអ្នកទាំងពីរធ្លាប់រួមការងារនឹងគ្នានៅ Manchester United ផ្លាស់ពី Everton កាលពីឆ្នាំ ២០១៧។
រំលឹកថា Romelu Lukaku បានផ្លាស់ត្រលប់មកកាន់ Chelsea ពី Inter Milan នៅឆ្នាំ ២០២១ ក្នុងតម្លៃ ៩៧.៥ លានផោនកិច្ចសន្យា ៥ ឆ្នាំ តែមិនអាចសម្របខ្លួននៅ Stamford Bridge បាន។
Romelu Lukaku ធ្លាប់ស៊ុតបញ្ចូលទីសរុប ១៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៩ ប្រកួតឱ្យ Chelsea និងឈរលេខ ២០ នៅ Premier League នៃតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសរុប ១២១ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ
