ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុប (European Union) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើវិស័យវប្បធម៌ និងដើម្បីជម្រាបលាបន្ទាប់ពីលោកជំទាវ ចប់អាណតិ្តបេសកកម្មការទូត។
ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងលោកជំទាវ Carmen Moreno បានបង្ហាញការពេញចិត្តចំពោះសមិទ្ធផលនានា នៃកិច្ចសហប្រតិបតិ្តរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងសភាពអឺរ៉ុប លើកិច្ចការងារវប្បធម៌ ដែលមានសកម្មភាពជាច្រើនរៀងរាល់ឆ្នាំ រួមមានព្រឹតិ្តការណ៍មហោស្រពភាពយន្ត ការប្រគុំតន្រី្តដ៏អស្ចារ្យសម្លេងស្រាល ស៊ីហ្វូនី(Simphony) ជាពិសេសក្នុងព្រឹត្តិការណ៍នេះ មានការចូលរួមពីថ្នាក់ដឹកនាំកំពូល ដើម្បីបង្ហាញពីកិច្ចសហប្រតិបតិ្តដ៏ល្អរវាងកម្ពុជា និងសហភាពអឺរ៉ុប។
ជាមួយគ្នានោះដែរ លោកជំទាវ Carmen Moreno បានជម្រាបជូនលោកជំទាវ រដ្ឋមន្រី្តបន្ថែមថា សហភាពអឺរ៉ុប មិនមែនជួយឧបត្ថម្ភគាំទ្រតែក្នុងកម្រិតរាជរដ្ឋាភិបាលប៉ុណ្ណោះទេ គឺនៅក្នុងក្របខ័ណ្ឌអង្គការមិនមែនរដ្ឋាភិបាល ក៏បានចូលរួមជួយឧបត្ថម្ភគាំទ្រ ដូចជា៖ អង្គការហ្វាពន្លឺសិល្បៈ ខេត្តបាត់ដំបង និងអង្គការមួយចំនួនផ្សេងទៀត ដែលសភាពអឺរ៉ុប បានជួយក្នុងការអនុវត្តន៍វិស័យវប្បធម៌តាមទីជនបទ ក៏ដូចជាវប្បធម៌ច្នៃប្រឌិតផ្សេងៗ ដែលជាផ្នែកមួយក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ក្នុងនោះភាគីទាំងពីរ បានស្វាគមន៍នូវគំនិតថ្មីៗ និងផែនការយុទ្ធសាស្រ្តថ្មីៗនាពេលខាងមុខនេះ គឺសហភាពអឺរ៉ុប (European Union) ប្រចាំព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាបន្តកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ឲ្យកាន់តែមានការរីកចម្រើន ជាពិសេសការផ្លាស់ប្តូរព័ត៌មាន និងការផ្សព្វផ្សាយវប្បធម៌ និងសកម្មភាពផ្សេងៗទៀតផងដែរ៕អត្ថបទ រដ្ឋា



